ស្ទឹងត្រែង៖កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅចំណុចអូរចំបក់ ភូមិសាស្ត្រឆ្វាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ កាលពីវេលាម៉ោង 9 និង 30 នាទីព្រឹកថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2020។
សមត្ថកិច្ចបានឲ្យដឹងថា លោកហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចុះបង្ក្រាប ដោយមានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងអាជ្ញាធរដែនដី។
នៅក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនបានម្ចាស់បើកទីតាំងម្នាក់ ឈ្មោះលាង ហេង ភេទប្រុសអាយុ 45 ឆ្នាំ មានស្រុកកំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នមករស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាម្ចាស់សង្វៀនមាន់។
សមត្ថកិច្ចបានដកហូតសម្ភារមួយចំនួន ដូចជាស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន 15ដុំ ទូលក់ភេសជ្ជៈមួយ តង់សម្រាប់ប្រក់ដំបូលពីរ សង្ក័សីពីរ។
ម្ចាស់សង្វៀនមាន់ ត្រូវបាននគរបាលបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងទៅតុលាការ៕ ដោយ៖សុខុម