ភ្នំពេញ៖ ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានមាន
ការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញអតីតស្វាមីតារាចម្រៀងទូច ស្រីលក្ខណ៍ ដែលជាជនបរទេស បានបង្ហោះលិខិតបំភ្លឺដែលមានខ្លឹមសារស៊ីជម្រៅមួយចំនួន ជុំវិញជីវិតគូរបស់អ្នកទាំងពីរឈានដល់ផ្លូវបែកបាក់គ្នា ដែលបងប្អូនមហាជនខ្លះនៅមិនទាន់បានដឹង។
នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក Morten Kvammen ដែលត្រូវបានគេស្គាល់ថាជាអតីតស្វាមីអ្នកនាង ទូច ស្រីលក្ខណ៍ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ដោយលោកបានសរសេរលិខិត២ច្បាប់ជាភាសាខ្មែរ និងភាសាអង់គ្លេស ពាក់ព័ន្ធការបំភ្លឺនូវរឿងរ៉ាវមួយចំនួន ក្រោយអ្នកទាំងពីរចែកផ្លូវគ្នា តែរូបលោកបែរជាត្រូវបានចោទប្រកាន់នូវរឿងអយុត្តិធម៌ផ្សេងៗពីអតីតភរិយា ដែលលោកពុំអាចទទួលយកបានឡើយ។
នៅក្នុងលិខិតបំភ្លឺជាភាសាខ្មែរ លោក Morten បានបញ្ជាក់ឲ្យដឹងថា «នេះជាការឆ្លើយតបរបស់ខ្ញុំ ចំពោះការចោទប្រកាន់ដែលអតីតភរិយាខ្ញុំ ទូច ស្រីលក្ខណ៍/លក្ខិណា យ៉ែម តែងតែបំភ្លឺលើបណ្តាញសង្គមនិងប្រព័ន្ធផ្សាយទូទៅ។
អ្នកនិយាយថា ខ្ញុំបានចាកចេញពីអ្នក ហើយបោកប្រាស់អ្នក ដោយសារមានស្រីថ្មី។ មិនពិតទេ! អ្នកបានបញ្ចប់ទំនាក់ទំនងជាមួយខ្ញុំ នៅខែសីហា ឆ្នាំ២០១៩ ជាងមួយឆ្នាំកន្លងមក ហើយបានបណ្តេញខ្ញុំចេញពីផ្ទះទៀត មែនទេ?
បន្ថែមលើនេះ អ្នកបានផ្សព្វផ្សាយជាសាធារណៈ បង្ហាញមុខគូស្នេហ៍របស់អ្នក នៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ទង្វើមិនគប្បីមួយ កាលខែមករាឆ្នាំនេះ អ្នកក៏នាំមិត្តប្រុសរបស់អ្នកទៅផ្ទះដែលខ្ញុំបានទិញហើយនោះជាផ្ទះដែលយើងធ្លាប់បានរស់នៅជាមួយគ្នាទៀត។
បន្ទាប់ពីអ្នកមានមិត្តប្រុសថ្មី ខ្ញុំក៏បានចាប់ផ្តើមទំនាក់ទំនងថ្មីដែរ នៅក្នុងខែមីនា (ឆ្នាំ២០២០ មានន័យថា ស្រីលក្ខណ៍មានមិត្តប្រុសថ្មីមុន) បន្ទាប់មក ក៏អ្នកចាប់ផ្តើមវាយប្រហារខ្ញុំនៅទីសាធារណៈ ដោយគ្មានហេតុផលដែលថាខ្ញុំមានស្រីថ្មីចោលអ្នកទៅវិញ។
អ្នកនិយាយទៀតថា ខ្ញុំបោះបង់ចោលអ្នក និងកូនប្រុសរបស់ខ្ញុំ ទៅរស់នៅជាមួយក្មេងស្រីផ្សេងទៀត។ នេះក៏ជាការកុហកដែរ។
បន្ទាប់ពីយើងបែកគ្នា យើងសុទ្ធតែចែកគ្នាមើលកូន ដោយផ្លាស់ប្តូរគ្នាអស់រយៈពេល៦ខែដូចៗគ្នា។ ប៉ុន្តែ ថ្ងៃក្រោយទៀត បន្ទាប់ពីអ្នកដឹងថា ខ្ញុំក៏កំពុងមានគូសង្សារថ្មីដែរ អ្នកក៏លែងឲ្យកូនយើងមកជួបខ្ញុំ ដូចដែលបានព្រមព្រៀងគ្នា កាលខ្ញុំយកកូនយើងឲ្យអ្នកវិញ (កាលមុនស្រីលក្ខណ៍ សន្យាថានឹងឲ្យកូនជួបខ្ញុំម្តងម្នាក់) ។ អ្នកបាននិយាយថា គាត់មិនអាចមកជួបខ្ញុំបានទេ ព្រោះគាត់ឈឺដោយសារតែវីរុសកូរ៉ណា ប៉ុន្តែ តាមពិត គឺអ្នកមានបំណងមិនឲ្យគាត់ជួបខ្ញុំ។
អ្នកគំរាមថានឹងទូរស័ព្ទទៅប៉ូលិស ប្រសិនបើខ្ញុំមកផ្ទះរបស់យើងដើម្បីជួបគាត់ ហើយអ្នកបានចោទប្រកាន់ខ្ញុំថា បានព្យាយាមចាប់ជំរិតគាត់ ពេលដែលខ្ញុំនិយាយជាមួយគាត់ អំឡុងពេលដែលគាត់កំពុងលេងនៅតាមផ្លូវ។ ប្រការនេះ ធ្វើឲ្យខ្ញុំត្រូវតែសុំអាជ្ញាធរនៅសង្កាត់ ដើម្បីជួយឲ្យខ្ញុំបានឃើញមុខកូន ប៉ុន្តែ អ្នកមិនបង្ហាញមុខកូនឲ្យខ្ញុំបានឃើញឡើយ។ អ្នកគ្រាន់តែឲ្យខ្ញុំបានឃើញមុខគាត់ពីចម្ងាយ ប្រៀបបីដុចឆ្កែមួយក្បាលនៅតាមផ្លូវ ស្ថិតនៅក្រៅផ្ទះដែលខ្ញុំទិញសម្រាប់គ្រួសារយើង។
អ្នកនិយាយថា ខ្ញុំមិនដែលបានផ្តល់ប្រាក់ឲ្យអ្នក សូម្បីតែទិញទឹកដោះគោ សម្រាប់កូនប្រុសរបស់យើង។ នេះក៏ជាការកុហកដែរ។ អ្នករស់នៅក្នុងផ្ទះដែលខ្ញុំបានទិញសម្រាប់គ្រួសាររបស់យើង។ អ្នកបើកឡានដែលខ្ញុំបានទិញសម្រាប់គ្រួសាររបស់យើង។ លើសពីនេះទៀត អ្នកបានចូលទៅដកលុយក្នុងគណនីធនាគារមួយគ្នារបស់យើង ហើយខ្ញុំបានផ្ញើប្រាក់ទៅអ្នកនៅពេលអ្នកស្នើសុំ។
ខ្ញុំបានព្យាយាមពិភាក្សាជាមួយអ្នក និងឯកភាពតាមសំណើសុំលែងលះរបស់អ្នកតាំងពីយើងបែកគ្នា ប៉ុន្តែតាំងពីខែឧសភាមក អ្នកមិនដែលមកជួបខ្ញុំឡើយ។
អ្នកមានការព្រួយបារម្ភខ្លាំងណាស់ ក្នុងការថែរក្សាកេរ្តិ៍ឈ្មោះរបស់អ្នក នៅក្នុងបណ្តាញសង្គម ដោយដើរតួធ្វើជាជនរងគ្រោះជាមួយប្តីអាក្រក់ និងក្លាយជាម្តាយមេម៉ាយ ដែលកំពុងតស៊ូម្នាក់ឯង។ អ្នកសុខចិត្តកុហកកូនប្រុសរបស់យើង ហើយប្រាប់គាត់ថា ឪពុករបស់គាត់បានចាកចេញពីគាត់ និងគ្រួសារ។
តើវាទៅជាបែបណា ពេលដែលម្តាយមួយរូបព្យាយាមបំបែកបំបាក់កូនចេញពីឪពុកបង្កើតដែលស្រឡាញ់កូនអស់ពីពោះ បែរជាម្តាយនោះប្រាប់កូនថា ឪពុកលែងស្រឡាញ់កូនទៀតហើយនោះ? តើសកម្មភាពរបស់អ្នក គ្រាន់តែបំភ្លៃឡើងលើបណ្តាញសង្គម ដើម្បីកេរ្តិ៍ឈ្មោះខ្លួនឯងឬ?
ខ្ញុំហ៊ានប្រឈមមុខជាមួយអ្នក ហើយសូមអ្នកបង្ហាញភស្តុតាងនូវអ្វីដែលអ្នកចោទប្រកាន់ខ្ញុំកន្លងមក។ ខ្ញុំអាចផ្តល់ឯកសារនានា និងអះអាងអ្វីដែលខ្ញុំបានសរសេរ ហើយខ្ញុំមានឆន្ទៈក្នុងការចែករំលែកភស្តុតាងជាមួយប្រព័ន្ធផ្សព្វផ្សាយដែលចាប់អារម្មណ៍ក្នុងការផ្សាយពីការពិតនៃរឿងនេះផងដែរ។
ទោះយ៉ាងណា នៅពេលនេះ គេពុំបានឃើញតារាចម្រៀង ទួច ស្រីលក្ខណ៍ធ្វើការតបតទៅនឹងលិខិតបំភ្លឺខាងលើរបស់អតីស្វាមីគឺលោក Morten Kvammen នោះទេ៕ ដោយ៖ លឹម ហុង