នេះជារឿងមួយដ៏ភ្ញាក់ផ្អើល ខណៈដែលប្រពលរដ្ឋជាផ្ទះម្ចាស់គ្រួសារមួយ បានរកឃើញឆ្អឹងសាកសពមនុស្ស ដោយជាមួយឡានដឹកដី ចាក់ធ្វើផ្លូវនៅឃុំ អណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
បើតាមប្រជាពលរដ្ឋជាម្ចាស់ផ្ទះ បានរៀបរាប់នៅក្នុងវីដេអូទាំងភ្ញាក់ផ្អើលថា ឡានដឹកដីចាក់មួយឡានមុខផ្ទះ មិនមែនដោយតែថ្មទេ គឺដោយទាំងឆ្អឹងមនុស្ស និងសម្លៀកបំពាក់សាកសព មួយសំណុំញាក់សាច់តែម្តង។ ហើយតាមការរកឃើញជាក់ស្តែង គឺមិនមែនខ្មោចតែ១ទេ គឺមានរហូតដល់ទៅ២ខ្មោច ឯណោះ។
ម្ចាស់ផ្ទះក៏បានបញ្ជាក់ឲ្យដឹងថា ដីមួយឡានដោយទាំងខ្មោចនេះ គឺឡានដឹកដីធ្វើផ្លូវ គេហ្វ្រ៊ីជូនប្រជាពលរដ្ឋ ចាក់បំពេញផ្លូវមុខផ្ទះ ដើម្បីងាយស្រួលធ្វើដំណើរចេញចូល។
តែយ៉ាងណាមិញ ក្រោយពីបានឃើញបងប្អូនមហាជន ចូលទៅខមិនសួរនាំ និងណែនាំឲ្យផ្តល់ព័ត៌មាននេះដល់សមត្ថកិច្ច ដើម្បីចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ ខ្លាចក្រែងលោជាសាកសព ជនរងគ្រោះដោយអំពើឃាតកម្មណាមួយនាពេលថ្មីៗនេះ បុរសម្នាក់ជាអ្នកជិតខាងម្ចាស់ផ្ទះ ដែលបានចែករំលែកវីដេអូនេះ ក៏បានចេញវីដេអូឆ្លើយតបថា នៅពេលនេះ សមត្ថកិច្ច និងជំនាញ បានចុះមកពិនិត្យរួចហើយ។
គាត់ក៏បានឲ្យដឹងទៀតថា ករណីនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ហើយថា មិនមែនជាសាកសពជនរងគ្រោះដោយអំពើឃាតកម្មណាមួយនោះទេ ដោយនេះគឺជាឆ្អឹងសាកសពជនរងគ្រោះ ក្នុងរបបសម័យប៉ុលពត ប៉ុណ្ណោះ។ ហេតុផលដែលហ៊ានសន្និដ្ឋានបែបនេះ គឺដោយសារផ្អែកទៅលើការពិនិត្យសម្លៀកបំពាក់ពណ៌ខ្មៅ និងជាប្រភេទអាវសេនាជន ខណៈដែលអាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ប្រាប់ថា ឡានដឹកដី បានទៅយកដី នៅរណ្តៅដីមួយកន្លែង ដែលជាទីតាំងចំណុចកងទ័ពឈរជើង ក្នុងសម័យសង្គ្រាមពីមុនៗមក៕