ខេត្តសៀមរាប៖ អបអរសាទរ ប្រាសាទមេបុណ្យខាងលិច ត្រូវបានប្រារព្ធពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងដាក់ឱ្យចូលទស្សនាឡើងវិញជាផ្លូវការ បន្ទាប់ពីចំណាយពេលជួសជុលអស់រយៈពេល១៤ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦។
ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២។ ស្ថិតនៅលើកោះកណ្ដាលបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ក្នុងក្រុងសៀមរាប។ លក្ខណៈពិសេស គឺមានរូបសំណាកព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ ដែលជាស្នាដៃសិល្បៈដ៏លេចធ្លោមួយ។ ប្រាសាទមានតួប្រាង្គចំនួន១៦ និងកំពែងព័ទ្ធជុំវិញ។ ប្រាសាទនេះធ្លាប់ត្រូវបានជួសជុលដោយក្រុមអភិរក្សបារាំងនៅឆ្នាំ១៩៤០។ គម្រោងជួសជុលទ្រង់ទ្រាយធំប្រាសាទមេបុណ្យខាងលិច ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងភាគីបារាំង ដោយចំណាយពេលសរុប១៤ឆ្នាំ។ ក្រោយការជួសជុលនេះ សំណង់ប្រាសាទអាចមានលទ្ធភាពឈររឹងមាំលើសពី១០០ឆ្នាំ។ នេះជាសក្ខីភាពនៃសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស ជួសជុល និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ខ្មែរ ឱ្យមានភាពរឹងមាំ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្ម សម្រាប់កូនខ្មែរជំនាន់ក្រោយ។រក្សាសិទ្ធដោយ៖សុទ្ធលី



























