ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-អាមេនី បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Nikol Pashinyan នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងគណៈប្រតិភូ ព្រមទាំងបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេនី និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងាររវាងឯកឧត្តម និង សម្តេចធិបតី នាពេលនេះ នឹងបង្កើតនូវកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានាពេលនេះ។ សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា នៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលកម្ពុជា និងអាមេនីអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ ជាដើម។

សម្តេចធិបតី បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអាមេនី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម