ខេត្តស្វាយរៀង៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន ៤០០គ្រួសារ រស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តនិងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អស់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចទាំងទេ្វតែងតែគិតគូរដល់សុខទុក្ខ អតីតយុទ្ធជននៅទូទាំងប្រទេស ដែលបានចូលរួមចំណែករំដោះថែរក្សា ការពារប្រជាជនកម្ពុជាកន្លងមក ។
លោកស្រីបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ពីដំណាក់កាលដ៏សែនស្មុគស្មាញរហូតទួលបាននូវសុខសន្តិភាព និងសម្រេច បានសមិទ្ធផលធំៗជាប្រវតិ្ដសាស្ដ្រប្រកបដោយជោគជ័យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជោគជ័យទាំងអស់នេះ ក៏មិនអាចកាត់ផ្ដាច់បានពីគុណបំណាច់ និងស្នាដៃ នៃការចូលរួមចំណែករបស់បងប្អូនអតីតយុទ្ធជន ដែលមានវត្ដមាននៅទីនេះដែរ ។ ដោយឡែកសម្រាប់ខេត្តស្វាយរៀងគឺប្រែក្លាយពីតំបន់សមរភូមិក្តៅ និងតំបន់ខ្លះនៅអសន្តិសុខ មកជាខេត្តមួយដែលពោរពេញទៅដោយសក្តាពុនពលវិនិយោគ ដែលរួមមាន ៖ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសតូចធំ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មន្ទីរពេទ្យ វត្តអារាម សាលារៀន ជាដើម ។ ទន្ទឹមនោះផងដែរ សម្តេចបានយកចិត្ដទុកដាក់ និងគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកម្ពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង និងការគិតគូរនិងឧបត្ថម្ភដល់ប្រជពលរដ្ឋក្រីក្រដែលរងផលប៉ះពល់ដោយសារជំងឺកូវីដ១៩ ។
លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនូវចំណុចសំខាន់ៗមួយចំនួនដូចជា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ។ ត្រូវចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ដោយ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង។
អំណោយដែលបានចែកជូននៅពេលបនេះរួមមាន ៖ អង្គរ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី ១យួរ អាវយឺត ២ អំបិល ១គីឡូក្រាម អាវ និងមួកគណបក្ស ម្នាក់ ១ និងថវិកាមួយចំនួន ។
លោកស្រី បានធ្វើការកាត់ខ្សែរបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង នាឱកាសនោះផងដែរ ៕ដោយ៖ វ៉ៃកូ