ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ប្រឹងប្រែងរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ដើម្បីឆ្លើយតបតាមការដាក់ចេញគោលការណ៍ជំរុញការដាំដុះ និងចិញ្ចឹមត្រីសាច់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩។
ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ខិតខំរកទីផ្សារសម្រាប់បន្លែបង្កា ត្រីសាច់ ក៏ដូចជាផលិតផលនានារបស់កសិករនេះគឺដើម្បីគាំទ្រដល់យុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាល។ ក្នុងចំណោមយុទ្ធសាស្ត្រ និងដំណោះស្រាយចំពោះវិបត្តិកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានជំរុញការដាំដុះដំណាំ និងការចិញ្ចឹមសត្វជាដើម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ក្នុងស្រុក ធានាសន្តិសុខស្បៀង ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិសង្គមដែលបង្កឡើងដោយជំងឺកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា « វិបត្តិជំងឺកូវីដ១៩នេះ យើងទាំងអស់គ្នាត្រូវខិតខំអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចអេមស៍ (IAMS) ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការកៀរគរភាគីពាក់ព័ន្ធនានា និងខិតខំបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យខ្សែច្រវ៉ាក់តម្លៃ ដំណើរការល្អ និងត្រូវបង្កើតផ្សារចុងសប្ដាហ៍ក្នុងខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយលក់ផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករផ្ទាល់។ ជាពិសេសលើកស្ទួយវិបុលភាពកសិករខ្នាតតូចតាមរយៈការបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ»។
សូមជម្រាបថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា AIMS ត្រូវបានប្រកាសឱ្យដឹងនៅក្នុងកម្មវិធីបង្ហាញរបាយការណ៍របស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) កាលពី ឆ្នាំ២០១៨។
គម្រោងនេះ គាំទ្រដល់ទីផ្សារផ្តោតលើវិស័យកសិកម្ម មានភាពសមស្របទៅនឹងការប្រែប្រួលស្ថានភាពនៅជនបទ ក៏ដូចជាទាក់ទាញយុវជនជំនាន់ក្រោយ ឱ្យបន្តរស់នៅជនបទ និងធ្វើការលើវិស័យកសិកម្មដើម្បីបង្កើតប្រាក់ចំណូលទៅតាមកំណើននៃវិស័យនេះ៕
ដោយ៖CEN