Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប ក្ដាប់​ឲ្យ​បាន​នូវ​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​កាត់ផ្តាច់​ខ្សែរយៈ​បណ្ដាញ និង​តាម​ចាប់​មេខ្លោង​មក​ផ្ដន្ទាទោស​តាមច្បាប់​

​ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ឯក ជ័យ បុប្ផា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក​អភិបាលខេត្ត និង​លោកស្រី​
​បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នូវ​កិច្ចការ​មួយចំនួន​ដូចជា​៖

១-​ត្រូវ​បន្ត​ផ្ដោត​ការយកចិត្តទុកដាក់ ចាត់តាំង​អនុវត្ត​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព គោលនយោបាយ​ភូមិ ឃុំ សង្កាត់ “​ស​” គ្មាន​គ្រឿងញៀន​ពិសេស​ការចាត់តាំង​អនុវត្ត​វិធានការ​ទាំង​៥ នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

២-​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ និង​ចលនា​ឲ្យ​មានការ​ចូលរួម និង​គាំទ្រ​ពី​គ្រប់​សមាសភាព នៃ​សង្គម សំដៅ​ធ្វើយ៉ាងណា​ឲ្យ​គ្រប់​ក្រុម​គោលដៅ​ទាំងអស់ បានទទួល​ការផ្សព្វផ្សាយ​អប់រំ និង​យល់ដឹង​កាន់តែច្បាស់​អំពី​ច្បាប់ និង​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ប៉ុន្តែ​រាល់​សកម្មភាព​ចលនា ផ្សព្វផ្សាយ​អប់រំ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។

៣-​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី ត្រូវ​បង្កើន ពង្រឹង និង​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​ការអនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​គោលដៅ​ដែល​ងាយ ឬ​កើតមាន​បទល្មើស​គ្រឿងញៀន ជាពិសេស​នៅតាម​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ទី​សប្បាយដ្ឋាន​នានា និង​តំបន់​ដែលមាន​លក្ខណៈ​ស្មុគស្មាញ បើទោះបីជា​ទីតាំង​ខ្លះ​មិន​ដំណើរការ​ដោយសារ​កូ​វីដ​-១៩​ក៏ដោយ ។

៤-​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ គ្រប់ផ្នែក និង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ខិតខំ​សហការ​ប្រមែប្រមូល​ព័ត៌មាន ភស្តុតាង កំណត់ និង​ក្ដាប់​ឲ្យ​បាន​នូវ​មុខសញ្ញា​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​លួចលាក់​នាំចូល​គ្រឿងញៀន​ពី​ខាងក្រៅ ទាំង​ការយកមក​ចែកចាយ ជួញដូរ​ក្នុង​ខេត្ត និង​ការប៉ុនប៉ង​នាំចេញ​ឆ្លងដែន​ទៅ​ប្រទេស​ទី​បី និង​ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​កាត់ផ្តាច់​ខ្សែរយៈ​បណ្ដាញ និង​តាម​ចាប់​មេខ្លោង​មក​ផ្ដន្ទាទោស​តាមច្បាប់ ។

៥-​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​ផ្ដល់ព័ត៌មាន​ពី​ក្រុម​ឧក្រិដ្ឋជន ដែល​មានបំណង​ប៉ុនប៉ង​ជួញដូរ ចែកចាយ និង​ចរាចរ​គ្រឿងញៀន​ក្នុង​ខេត្ត ។

៦-​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​អប់រំ​ណែនាំ និង​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ដែល​ខ្ញុំ​សូម​រំលឹក​សាជាថ្មី​ម្ដងទៀត​ត្រូវ​ចៀសវាង​ឲ្យ​បានជា​ដាច់ខាត​នូវ “​កុំ​៤” គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ ។

៧-​ត្រូវ​យកចិត្តទុកដាក់​ថែបំប៉ន និង​លើកកម្ពស់​សមត្ថកិច្ច​ម​ន្ត្រី​អនុវត្ត​ច្បាប់ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយនិង​សមត្ថកិច្ច​ព្រំដែន​នៃ​ប្រទេសជិតខាង និង​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​នៅតាម​ច្រកទ្វារព្រំដែន​នានា​ក្នុង​ខេត្ត ឲ្យ​បាន​តឹងរ៉ឹង​បំផុត សំដៅ​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព ។​

៨-​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យ​បានច្បាស់លាស់​នូវ​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជាពិសេស​អ្នក​ចំណូលស្រុក​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ប្រកបមុខរបរ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ត្រូវ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​ពេល​មាន​បទល្មើស​កើតឡើង ។​

៩.​សូម​ឲ្យ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព គុណភាព និង​ប្រសិទ្ធភាព នៃ​យន្តការ​បន្សាប​គ្រឿងញៀន​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដែលមាន​ស្រាប់​នៅក្នុង​ខេត្ត​ឲ្យ​មានដំណើរ​ការល្អ និង​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​បន្សាប​ជនរងគ្រោះ​ដោយសារ​សារធាតុ​ញៀន និង​ក៏ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ដឹកនាំ ចាត់ចែង រៀបចំ និង​បង្កលក្ខណៈ​តាម​គ្រប់​រូបភាព ដែល​អាចធ្វើ​ឲ្យ​អ្នកញៀន​គ្រឿងញៀន​ដែល​នៅ​សេសសល់ បាន​ទៅ​ទទួល​
​យក​សេវា​ព្យាបាល និង​ស្ដារនីតិសម្បទា​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ផុសផុល​ថែមទៀត ៕​ដោយ​៖​វ៉ៃ​កូ​

  

×