ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) លោកឧកញ៉ា លាង ម៉េង បានអះអាងថា ការខិតខំផលិត និងបង្កើតគុណភាពស៊ីម៉ងត៍ បានចូលរួមចំណែកលើកស្ទូយវិស័យសំណង់នៅកម្ពុជា ក៏ដូចជា ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុក។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងជំរុញការបង្កើនផលិតភាព និងគុណភាពស៊ីម៉ងត៍របស់ខ្មែរ ខណៈដែលតម្រូវការនៅតែស្ថិតនៅក្នុងអត្រាខ្ពស់ ទោះបីជាស្ថិតនៅក្នុងស្ថានភាព នៃការឆ្លងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
កិច្ចប្រជុំនេះ មានការចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស៊ីម៉ងត៍ចំនួន៥ រួមមាន៖ ក្រុមហ៊ុនកំពត ស៊ីមេន ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និង ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។
លោកឧកញ៉ា លាង ម៉េង បានកោតសរសើរដល់ ក្រុមហ៊ុនស៊ីម៉ងត៍ ដែលជាសមាជិកសមាគមទាំងអស់ ដែលបានខិតខំផលិត និងបង្កើតគុណភាពស៊ីម៉ងត៍របស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកស្ទូយវិស័យសំណង់នៅកម្ពុជា។ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានខិតខំស្វែងរកវត្ថុធាតុដើមបន្ថែម ដើម្បីបង្កើតស៊ីម៉ងត៍កម្ពុជា កាន់តែមានគុណភាព ពិសេសដើម្បីពង្រីកទីផ្សារ និងចូលរួមចំណែកលើកកម្ពស់គុណភាពសំណង់នៅកម្ពុជា កាន់តែល្អប្រសើរឡើង។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តោតយកចិត្តទុកដាក់ដល់វិស័យឧស្សាហកម្ម ដោយបាននឹងកំពុងសាងសង់ហេដ្ឋារចនាសម្ពន្ឋ ផ្លូវ ថ្នល់ជាច្រើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងផលិត និងបង្កើតគុណភាពស៊ីម៉ងត៍របស់ខ្មែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ និងមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណជាង ៨លានតោន ក្នុងមួយឆ្នាំ ដែលអាចបំពេញតម្រូវការក្នុងស្រុកបានស្ទើរតែ១០០%។ រោងចក្រ ផលិតស៊ីម៉ងត៍ទាំង៥នោះ មាននៅខេត្តកំពតចំនួន ៤ និងខេត្តបាត់ដំបងចំនួន ១ រោងចក្រ៕
ដោយ ៖ CEN