Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​បណ្ដុំ​សហគ្រាស​ធុន​តូច ​និង​មធ្យម​តម្លៃ​ជាង ២៨​លាន​ដុល្លារ ​នៅ​ខេត្តកណ្តាល នឹង​ចាប់ផ្តើម​បុកគ្រឹះ​នៅ​ខែតុលា​នេះ​

​ភ្នំពេញ ៖ ឯកឧត្តម មាន សុភា រដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​បំពេញ​ទស្សនកិច្ច​ចុះ​ពិនិត្យ​ទីតាំង​ដំបូង​របស់​គម្រោង​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​អភិវឌ្ឍន៍​ដោយ ក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd.​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ។

​គម្រោង​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ ២១ ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល នៅជាប់​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ទីក្រុង​រណប​សិរី​មង្គល ជិត​គម្រោង​អាកាស យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​នៅក្បែរ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ គឺ​ត្រូវបាន​ចាត់ទុកថា​ជា គម្រោង​បណ្ដុំ​សហគ្រាស ធុន​តូច និង​មធ្យម ដែលជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ ប្រកបដោយ​នវានុវត្តន៍ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ ឧស្សាហកម្ម និង​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ដោយសារតែ​ស្ថានភាព​នៃ​ការកើតឡើង​របស់​ជំងឺ Covid 19 និង​ការដកចេញ​ដោយ​ផ្នែក​នូវ​ប្រព័ន្ធ​អនុគ្រោះ EBA ពេលវេលា​បច្ចុប្បន្ននេះ គឺ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ដែល​កម្ពុជា​ចាំបាច់​ត្រូវតែ​បន្ថែម​ល្បឿន នៃ​ការអនុវត្តន៍ យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម និង ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​អាចមាន​មូលដ្ឋាន សេដ្ឋកិច្ច​ពឹង​អាស្រ័យ​លើ​ខ្លួនឯង និង​ក៏​ដើម្បី​ទ្រទ្រង់​ការរីកចម្រើន​សេដ្ឋកិច្ច​របស់ខ្លួន​ផងដែរ​។

​គម្រោង​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម គឺ​ត្រូវបាន​រៀបចំឡើង​ដោយ​ឈរលើ​គោលការណ៍​ខាងលើនេះ និង​ដើម្បី​ជា​ដំណោះ ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ខាងលើនេះ ព្រមទាំង គោលដៅ​នៃ យុទ្ធសាស្ត្រ​ចតុ កោណ​របស់​រាជរដ្ឋាភិបាល​។

​ប្រព័ន្ធ​គោល​ឧស្សាហកម្ម​៤.០ ដ៏​វិសេស​របស់​គម្រោង នឹង​លើកកម្ពស់​សមត្ថភាព កម្មន្តសាល និង សមត្ថភាព​ការគិត​របស់​កម្ពុជា ដែល​នាំ​ឲ្យ​យើង​អាច​បោះជំហាន​ពី​ស្ថានភាព​នៃ​ប្រព័ន្ធ​គោល ឧស្សាហកម្ម​២.០ នាពេល​បច្ចុប្បន្ន ទៅកាន់​ប្រព័ន្ធ​គោល​ឧស្សាហកម្ម​៤.០ ជា​សាកល​សម្រាប់​ពេលអនាគត​។​

​ការបង្កើតឡើង​ឲ្យ​មាន​បរិយាកាស​អំណោយផល​បែបនេះ នោះ​ប្រទេស​កម្ពុជា​នឹង​អាច​បណ្តុះបណ្តាល​បន្ថែម និង ប្រើប្រាស់​កម្លាំង​ពលកម្ម​វ័យក្មេង​ដ៏​ច្រើន បាន​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ការធ្វើសមាហរណកម្ម​វិស័យ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា និង​ទំនាក់ទំនង ប្រកបដោយ​ទេ​ព្យ​កោសល្យ និង​លើកកម្ពស់​ជំហាន​នៃ​សហគ្រិនភាព​របស់ខ្លួន ក្នុងការ​អភិវឌ្ឍន៍ ផលិតផល​ថ្មី តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង ធនធាន​កសិកម្ម និង​ធនធានធម្មជាតិ​របស់​ខ្លួន​។​

​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​ផ្អែកលើ​ប្រព័ន្ធ​គោល​ឧស្សាហកម្ម 4.0 ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​សួន​ឧស្សាហកម្ម ឬ​ចង្កោម​សហគ្រាស​ដែលមាន​សព្វថ្ងៃនេះ គឺជា​ដំណោះស្រាយ​ប្រកបដោយ នវានុវត្តន៍​ដែល​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​ដើរតួ​ជាយា​ន្ត​ដែល​អាចជួយ​ឲ្យ​សម្រេចបាន​កាន់តែ ងាយស្រួល​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​ការងារ​ផ្អែកលើ​ជំនាញ ការអភិវឌ្ឍន៍ សហគ្រាស​ធុន​តូច​និង​មធ្យម ការពង្រីក​ការកែឆ្នៃ​ផលិតផល​កសិកម្ម និង​ការធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​។​

​អ្វីដែល សំខាន់​ជាងគេ​នោះ​គឺថា​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ នឹង​នាំមក​នូវ​អនាគត​មួយ​ថ្មី​សម្រាប់ សហគ្រាស ធុន​តូច​និង​មធ្យម សហគ្រិន និង​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង ក៏ដូចជា​ការវិនិយោគ លើ វិស័យ​ផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​នាំ​វិស័យ​ទាំងអស់នេះ ឲ្យ​ចូលរួម​ក្នុង​ខ្សែសង្វាក់​ផលិត​កម្មបាន ពេញលេញ និង​ប្រកបដោយ​ការសហការ​និង​ប្រកួតប្រជែង​។​

​លោក Charles Esterhoy នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd ដែល គឺជា​ស្ថាបនិក​និង​ជា​អ្នកបង្កើត​គម្រោង​នេះ បាន​យល់ច្បាស់​ថា​ដំណោះស្រាយ ក្នុងការ​ផ្សារភ្ជាប់​គម្លាត​រវាង​អ្នក វិនិយោគ​ផ្នែក​ផលិតកម្ម​អន្តរជាតិ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុងប្រទេស​របស់​យើង​នោះ​គឺ ចាំបាច់​ត្រូវតែ បង្កើតឡើង​និង​ដាក់ចេញ​នូវ​ខ្សែសង្វាក់​ផលិតកម្ម​ពេញលេញ​មួយ ស្ថិតក្នុង​ប្រព័ន្ធ​បរិក្ខារ សម្របសម្រួល សេវាកម្ម គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង ដែលមាន​លក្ខណៈ​បត់បែន​និង​ឆ្លើយតប​ខ្ពស់​។

​ដោយ​ប្រើ ប្រាស់​នូវ​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ និង បញ្ចូល​នូវ​បច្ចេកទេស​គ្រប់គ្រង​បែប​សកម្ម ខ្សែសង្វាក់​ផលិតកម្ម និង ប្រព័ន្ធ​ទាំងនេះ ត្រូវបាន​ផ្សា​ភា្ជ​ប់​ជាមួយគ្នា ដើម្បី​អាច​ផលិត​បាន​នូវ​ទិន្នផល​ដែលមាន​តម្លៃ​ខ្ពស់ សម្រាប់​ទីផ្សារ ក្នុងស្រុក​និង​ក្រៅប្រទេស​។ ដំណើរការ​សាងសង់​នៃ​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​ទីមួយ​នេះ​នឹង​ចាប់ផ្ដើម ឡើង​នៅក្នុង​ខែតុលា ឆ្នាំ​២០២០ ហើយ​គ្រោង នឹង​ចាប់ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ខែមេសា ឆ្នាំ​២០២០១​ខាងមុខ​។​

​លោក ឧក​ញ្ញា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ បាន​គូសបញ្ជាក់ថា គម្រោង បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ដែល​នៅជាប់​គ្នា​នេះ នឹង​ផ្តល់​ផលប្រយោជន៍ ទាំង​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​ឲ្យ​គ្នា​ទៅវិញទៅមក ដែល​វា​នឹង​នាំមក​នូវ​គុណ​តម្លៃ កាន់តែ​ប្រសើរឡើង សម្រាប់​សហគមន៍ និង​ប្រជាពលរដ្ឋ​ដែល​រស់​ទីនេះ សហគ្រាស​ផលិតកម្ម​ធុន​តូច និង មធ្យម និង​វិនិយោគិន​ក្នុង ទីតាំង គម្រោង​នេះ​។

​ក្នុងន័យនេះ រាល់​សម្ភារ និង​គ្រឿង​បរិក្ខារ​នានា ដែល​ផ្ដល់ជូន​ដោយ​គម្រោង​ទាំងពីរ នឹង​បម្រើ​និង​បន្ថែម នូវ​អត្ថប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​ស្របពេល​ជាមួយគ្នា​នោះ វា​ក៏​នឹង​ជួយ​ពង្រីក នូវ​ការ ប្រើប្រាស់​ដី​និង​លើកកម្ពស់​សោភ័ណភាព​ស្ថាបត្យកម្ម​ក្នុង​តំបន់​ទាំងមូល​។ ជា​ឧទាហរណ៍ បណ្ដុំ​សហគ្រាស ធន​តូច​និង​មធ្យម នឹង មិន​ត្រឹមតែ​បង្កើត​នូវ​ការងារ និង ឱកាស​អាជីវកម្ម​សម្រាប់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​សហគមន៍​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ដើរតួ​ជា​មជ្ឈមណ្ឌល​ហ្វឹកហាត់​ការងារ​និង​អភិវឌ្ឍន៍​ជំនាញ ដែល​អាច​ផ្ដល់នូវ​ផលប្រយោជន៍​ទៅដល់ សហគមន៍​ទាំងមូល​។

​ស្រដៀង​គ្នា​នេះដែរ តំបន់​លំនៅឋាន​និង ពាណិជ្ជកម្ម ក៏ដូចជា​សួនច្បារ និង​ទីតាំង សាធារណៈ​ក្នុង​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​នឹង​បម្រើ​ឲ្យ​គ្រួសារ ដែល​រស់នៅក្នុង​គម្រោង​ផ្ទាល់ ក៏ដូចជា​កម្មករ និង បុគ្គលិក​ទាំងអស់​ដែល​ធ្វើការ​នៅក្នុង​បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម​៕

ដោយ​៖CEN

 

 

×