ស្ទឹងត្រែង ៖ ឈ្មួញបានបំផុសឱ្យអ្នកដើរទិញចម្ការស្វាយកែវរមៀត ជាច្រើនរយហិកតា នៅក្នុងខេត្តស្ទឹងត្រែង។
ក្រុមឈ្មួញបាននិយាយថា មានគេបង្កើតរោងចក្រនៅក្នុងស្រុកខ្មែរ ហើយថែមទាំងមានឧកញ៉ា និងជនជាតិចិន ដែលជាថៅកែតម្រូវឲ្យរកទិញចម្ការស្វាយកែវរមៀតរាប់រយហិកតា នៅក្នុងខេត្តមួយនេះ។
កសិករភ្ញាក់ផ្អើលក្រោយពីមានអ្នកសួររកទិញចម្ការស្វាយកែវរមៀត។
អ្នកមានដាំស្វាយកែវរមៀត នៅក្នុងចម្ការភាគច្រើន គឺជាអ្នកមានលុយហើយបានដាំតិចតួចតែប៉ុណ្ណោះ ពោលគឺជាង ៥០ហិកតា ២០ហិចតា ១០ហិចតានៅកន្លែងផ្សេងៗគ្នា។
ក្រោយពីឈ្មួញបំផុសរកទិញដីចម្ការស្វាយកែវរមៀត ដែលមានអាយុចាប់ប្រមូលផលបាននោះមកធ្វើឲ្យអ្នកមានដីចម្ការស្វាយបានចិត្តធ្លាប់តែចង់លក់ក្នុងតម្លៃថោក តែឥឡូវនេះទីផ្សារឡើងតាមមាត់ហួសពីការគិតទៅទៀត។
កសិករមានដើមកំណើតមកពីខេត្តកំពង់ចាម ដែលមានជីវភាពមធ្យមម្នាក់ មានដីចម្ការស្វាយកែវរមៀតប្រមាណជា ៨០ហិកតា និងដីមិនទាន់មានស្វាយធំធាត់នឹងអាចប្រមូលផលបាន ១០០ហិកតា សរុប១៨០ហិកតា នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ បានដំឡើងថ្លៃលក់ក្នុងតម្លៃ ២លានដុល្លារឯណោះ។ បើកគិតត្រួសៗក្នុងមួយហិកតាជាង ១១.០០០ ដុល្លារ។
ក្រោយពីតម្លៃដីចំការស្វាយកែវរមៀតឡើងថ្លៃបែបនេះ មានអ្នកខ្លះសើច និងខ្លះទៀតរិះគន់ ទៅលើម្ចាស់ចម្ការដែលបានដាក់លក់ក្នុងតម្លៃខ្ពស់មិនអាចទទួលយកបាន។
កសិកររូបនោះ កំពុងតែខំដាំបន្ថែមកូនស្វាយកែវរមៀតហើយ និងមិនចង់លក់ក្រោយពីមានអ្នកទៅសួរទិញ ជារៀងរាល់ថ្ងៃរួមទាំងមានជនជាតិចិនផងនោះ។
លោកលៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានពន្យល់ថា កាលពីអំឡុងខែមុនមានភាគីក្រុមហ៊ុនចិនបានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្ត ដោយជជែកអំពីការប្រមូលទិញផ្លែស្វាយកែវរមៀត នៅក្នុងខេត្តស្ទឹងត្រែងទៅកាន់ប្រទេសចិន។
លោកថា មន្ទីរកសិកម្មខេត្តស្ទឹងត្រែង មិនទាន់កំណត់របាយការណ៍ជាក់លាក់ណាមួយ អំពីចំនួនអ្នកមានដីចម្ការស្វាយកែវរមៀតនៅឡើយទេ ហើយខាងភាគីក្រុមហ៊ុនចិនមួយនោះ ក៏មិនទាន់សម្រេចថានឹងប្រមូលទិញផ្លែស្វាយកែវរមៀត ពីប្រជាកសិករក្នុងតម្លៃណាមួយនៅឡើយដែរ៕ ដោយ៖សុខុម