តាកែវ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ សត្វគោក្របីរបស់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹក ដល់សត្វគោចំនួន ១០៧ក្បាល ដោយនៅក្នុងការយុទ្ធនាការចាក់វ៉ាក់សាំងនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានជំរុញដល់ការិយាល័យជំនាញពេទ្យសត្វខេត្ត បន្តចុះចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺដល់សត្វពាហនៈ របស់ប្រជាពលរដ្ឋបន្តទៀត នៅតាមស្រុកផ្សេង ដែលអាចនិងងាយកើតជំងឺទាំងនេះ លើសត្វចិញ្ចឹមគោ ក្របីរបស់ពួកគាត់ ជៀសវាងទុកបណ្តោយរហូតដល់សត្វងាប់ ដែលនាំឱ្យខាតបង់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីបញ្ហាចាក់ថ្នាំបង្ការនេះទេ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំនេះ ហើយនេះក៏អាចជាកត្តាដ៏ចម្បង ដែលបណ្តាលសត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ កើតជាជំងឺអុតក្តាម និងជំងឺសារទឹកផងដែរ ពិសេសអាចឆ្លងរាលដាលផងដែរ ដូច្នោះសូមបងប្អូនត្រូវយកសត្វចិញ្ចឹម របស់ខ្លួនយកមកចាក់វ៉ាក់សាំងបង្ការជំងឺអុតក្តាម និងជំងឺសារទឹកនេះ ក្នុងពេលដែលមន្ត្រីជំនាញបសុព្យាបាល ចុះមកចាក់នៅក្នុងមូលដ្ឋានម្តងៗ ។ជាមួយគ្នានេះផងដែរ សូមជួយផ្សព្វផ្សាយបន្ត ដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមិនទាន់បានចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺសត្វ គោ ក្របី របស់ពួកគាត់ ហើយមន្ត្រីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងបន្តចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺ ដល់សត្វពាហនៈជូលប្រជាពលរដ្ឋ ដល់មូលដ្ឋានតែម្តង ដោយមិនគិតប្រាក់ឡើយ៕ដោយ៖ តាកែវ