តាកែវ៖ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ក.ប.ប សាខាខេត្តតាកែវ រួមសហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាល បានចុះពិនិត្យលើគ្រឿងឧបភោគបរិភោគមួយចំនួន នៅក្នុងផ្សារធំក្រុងដូនកែវ ខេត្តតាកែវ ក្នុងការចុះពិនិត្យនោះដែរ មន្ត្រីជំនាញក.ប.ប បានធ្វើតេសបឋមលើទំនិញ ពពុះសណ្តែក រកឃើញថា មានផ្ទុកនៅសាធាតុគីមីបូរ៉ាក់ដាក់ចូល ដែលធ្វើអោយអ្នកទិញយកទៅបរិភោគអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ ខណៈដែលមុខទំនិញប្រភេទពពុះសណ្តែកប្រភេទនេះកំពុងមានតម្រូវការខ្ពស់ នៅក្នុងរដូវ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ដោយប្រជាពលរដ្ឋខ្មែរយើងបាន នាំគ្នាទិញពពុះសណ្តែកធ្វើមុខម្ហូប យកទៅប្រគេនព្រះសង្ឃនៅវត្ត និងបរិភោគអាហារជុំគ្រួសារផងដែរ ។
ជុំវិញការរកឃើញប្រភេទទំនិញពពុះសណ្តែកនេះដែរ លោក ប៉ោ លាងគង់ ប្រធានសាខា ក.ប.ប ខេត្តតាកែវ បានឲ្យដឹងថា ពពុះសណ្តែកនេះ គឺមន្ត្រីជំនាញយើងបានធ្វើតេសរកឃើញថា មានផ្ទុកនៅសាធាតុគីមីបូរ៉ាក់ ដែលជាហេតុធ្វើអោយប៉ះពាល់សុខភាពរបស់អ្នកបរិភោគ ដូច្នេះមន្ត្រីជំនាញសម្រេចដកហូតពពុះសណ្តែកដែលដាក់តាំងលក់នៅតូបលក់ចាប់ហ៊ួយក្នុងផ្សារធំតាកែវ ក្នុងនោះដកហូតបានទំនិញពពុះសណ្តែក ជាង ១០គីឡូក្រាម ដើម្បីយកមកដុះកម្ទេចចោល ។ សូមបញ្ជាក់ថា ចំពោះពពុះសណ្តែក នេះមន្ត្រីជំនាញបានរកឃើញបន្ថែមចំនួន ១២គីឡូកន្លះ បន្ថែមទៀត សរុបទាំងអស់ ២២,៥គីឡូក្រាម ។
ក្នុងនោះដែរលោកប្រធានសាខា ក.ប.ប ខេត្តបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជិវករលក់ដូរក្នុងផ្សារទាំងអស់ មេត្តាលក់ដូរនៅទំនិញ បន្លែ ផ្លែឈើណាដែលមានគុណភាព មិនហួសកាលបរិច្ឆេទ និងមិនមានផ្ទុកសារធាតុគីមី ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបរិភោគទាំងអស់គ្នា ៕ដោយ៖ តាកែវ