ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលាថ្នាក់ក្រុងស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពី លោក និន សុខស្តី សមាជិកក្រុមប្រឹក្សាភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង អនុប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ មន្ត្រីធនាគារជាតិនៃកម្ពុជា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណ ១០០នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗ របស់វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩។
នៅក្នុងសិក្ខាសាលានេះ មន្ត្រីធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ និង ផ្តល់អនុសាសន៍មួយចំនួន បន្ថែមលើវិធានការជាច្រើនរបស់ធនាគារជាតិនៃកម្ពុជា កន្លងមក រួមមាន៖ ១/- គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ ២/- អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាពដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា និង ៣/- បន្តរក្សាអនាម័យ និងសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩៕ ដោយ ៖ CEN