ប៉ូលិសនាយកដ្ឋានកិច្ចការបរទេស (FAD) កាលពីពេលថ្មីៗនេះ បានចាប់ខ្លួនពលករខ្មែរឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ដែលបានលាក់ខ្លួននៅក្នុងព្រៃ ស្ថិតនៅក្នុងខេត្ត Sa Kaeo កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អគ្គស្នងការប៉ូលិសលោក Suwat Jaengyoduk បានចេញបញ្ជាឲ្យ FAD ធ្វើការចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។ លោកបញ្ជាក់ថា ពលករខ្មែរបានកំពុងលួចឆ្លងដែនកាត់តាមព្រៃ នៃព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ត Sa Kaeo ។ មន្ត្រីទទួលព័ត៌មាននេះកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ថា មានពលករខ្មែរជាច្រើននាក់កំពុងឆ្លងដែនចូលទឹកដីថៃ ដោយឆ្លងកាត់ពីវត្ត Na Kgam Ket ជិតព្រំដែន។
លោកបន្តថា ពលករខ្មែរខុសច្បាប់ទាំងនោះ បានចូលទឹកដីប្រទេសថៃ បន្ទាប់ពីឆ្លងកាត់តាមព្រៃ ហើយឥឡូវនេះ កំពុងស្ថិតនៅក្នុងតំបន់ Toh Tah Phra Ya ក្នុងខេត្ត Sa Kaeo ។ ពួកគេកំពុងលាក់ខ្លួននៅក្នុងព្រៃ មុនពេលរថយន្ត២គ្រឿងដឹកពួកគេ។ រថយន្តនោះបានបើកកាត់តាមព្រៃនៅក្នុង Khao Hin Son ស្រុក Phanom Sarakham ខេត្ត Chackhoengsao ។ ពលករទាំងនោះត្រូវបានទម្លាក់ចូលក្នុងព្រៃ និងរង់ចាំរថយន្តដទៃទៀតដឹកបន្ត។ ក្រុមមន្ត្រីស៊ើបអង្កេតបានរកឃើញពលករខ្មែរខុសច្បាប់ចំនួន ២៣ នាក់ ក្នុងនោះ ប្រុស ១៣ នាក់ និងស្រី ៩ នាក់ និងក្មេងម្នាក់ កំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃ។
ពលករខ្មែរទាំងនោះ បានប្រាប់ប៉ូលិសដោយអះអាងថា មានគេមកដឹកយកទៅធ្វើការជាពលករនៅថៃ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨ ព្រឹក។
ទោះយ៉ាងណា ពលករខ្មែរទាំង២៣នាក់ នោះត្រូវបានចាប់ខ្លួន និងបញ្ចូនទៅកាន់ប៉ុស្តិ៍ Khao Hin Son ។ មន្ត្រីសុខាភិបាលសាធារណៈខេត្តនេះបានបញ្ជាក់ថា ជនសង្ស័យនឹងទទួលការធ្វើតេស្ត Covid-19 ជាមួយផែនការនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញផងដែរ៕
ដោយ៖ លឹម ហុង (ប្រភព៖ Khaosod)