ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តផ្តល់ប្រាក់កម្ចីជិត ១២៨ លានដុល្លារដល់អគ្គីសនីកម្ពុជា ដើម្បីពង្រីកបណ្តាញថាមពលអគ្គីសនី និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្តចំនួន ៣ ទទួលបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់។ ក្នុងនោះ ក៏និងមានគម្រោងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា ដែលប្រើប្រាស់ថវិកាចំនួន ៦,៧ លានដុល្លារផងដែរ។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានមាន ប្រសាសន៍ថា ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ នឹងបង្ហាញពីរបៀបនៃការអភិវឌ្ឍថាមពលដើរដោយអាគុយខ្នាតធំនៃការអនុវត្តបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអាចនិងត្រូវបានប្រើដើម្បីដំណើរការបណ្តាញអគ្គិសនី ក្នុងប្រទេសកម្ពុជានាពេលអនាគត និងដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត។ លោកស្រី បានមានប្រសាសន៍ថា “ គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្តរួម ជាមួយជំនួយជាបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដល់ប្រទេសកម្ពុជា ក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថា ការផ្គត់ផ្គង់ថាមពល គ្រប់គ្រាន់ អាចទុកចិត្តបាន និងមាននិរន្តរភាព បរិស្ថានអាចត្រូវបានផ្តល់ជូនក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ការ អភិវឌ្ឍប្រកបដោយសមធម៌ ”។
គម្រោងនេះ នឹងជួយដល់អគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នអគ្គិសនីជាតិ ទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធសាងសង់បណ្តាញបញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម និងតាកែវ។
រាជរដ្ឋាភិបាល បានកំណត់ការអភិវឌ្ឍវិស័យថាមពលជាអាទិភាពរបស់ជាតិ ព្រោះថា ការផ្គត់ផ្គង់អគ្គិសនី កាន់តែរឹងមាំ នឹងជួយជំរុញផលិតភាព សេដ្ឋកិច្ច និងគុណភាពជីវិត។
លោកស្រី Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB មានប្រសាសន៍ថា “គម្រោង នេះ នឹងបង្កើតការងារដោយផ្ទាល់ចំនួន ១៣០០ នៅក្នុងវិស័យសំណង់ ជាមួយនឹងការផ្តល់ជាប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូល ក្នុងគ្រួសារ។ វាក៏នឹងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជា (EDC) ក្នុងការលើកកម្ពស់ បរិយាប័ន្ន និងសមភាពយេនឌ័រ នៅកន្លែងធ្វើការ និង លើកទឹកចិត្តឱ្យមានការចូលរួម របស់ស្ត្រីនៅក្នុងវិស័យថាមពលផងដែរ ”។
កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់កម្ចី ៧,៦៤ លានដុល្លារ ដើម្បីគាំទ្រដល់ការ សាងសង់ ឧទ្យានពន្លឺព្រះអាទិត្យ តាមរយៈភាពជាដៃគូ រវាងវិស័យសាធារណៈ និង ឯកជន រួមជាមួយការ បង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យទៀតផង។
គួររំលឹកថា តាំងពីឆ្នាំ ១៩៩៤ មក ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន ផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ជិត ២០០ លានដុល្លារ ដល់វិស័យថាមពលរបស់ប្រទេសកម្ពុជា និងបានផ្តល់ជំនួយបច្ចេកទេស ប្រមាណ ៦ លាន ដុល្លារ៕
ដោយ៖CEN