កំពង់ធំ៖ក្រោយពីក្រសួងអប់រំ បានអនុញ្ញតឲ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារការរីករាលដាលជំងឺកូវីដ១៩នោះ នារសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ ដែលជាថ្ងៃចុងសប្ដាហ៍នោះ ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក បានចុះពិនិត្យមើលការធ្វើអនាម័យតាមថ្នាក់រៀនរបស់សិ ស្សានុសិស្សនៅវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះឯកឧត្ដម ជា ចាន់តូ បានក្រើនរំលឹកលោកគ្រូ អ្នកគ្រូ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ក្នុងការការពារជំងឺកូវីដ១៩ ទោះបីជាកម្ពុជាគ្មានអ្នកឆ្លងថ្មី និងអ្នកដែលសម្រាកព្យាបាលបានជាសះស្បោយអស់ក៏ដោយ។
ឯកឧត្ដមបន្តទៀតថា នៅក្នុងឱកាសនៃការបើកឲ្យសិស្សានុសិស្សចូលរៀនជាថ្មីវិញនេះ បញ្ហាចំពោះមុខលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់មុនបង្អស់ គឺធ្វើអនាម័យតាមថ្នាក់រៀននីមួយៗ ឲ្យបានល្អនិងត្រូវរៀបចំតុសម្រាប់សិស្សរៀនឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំក្រសួងអប់រំ ដែលជាអាណាព្យាបាល ពិសេសគឺការរក្សាគម្លាតសង្គម ទើបការសិក្សាមានសុវត្ថិភាព និងរួចផុតពីការឆ្លងជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះ ក៏គប្បីត្រូវយកចិត្តទុកថាក់បង្ហាត់បង្រៀន បំប៉នដល់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវប្រឡងនៅពេលខាងមុខ ដើម្បីឲ្យការប្រឡងរបស់ពួកគេទទួលបានលទ្ធផលល្អគ្រប់ៗគ្នា៕
ដោយ៖CEN