ខ្សែប្រយុទ្ធសញ្ជាតិហ្គីណេ Alpha Oumar Lelouma Barry អះអាងថា ការផ្ទេរមកកាន់គីរីវង់សុខសែនជ័យរបស់កីឡាករ Rasheed Omokafe និង David Julien William ក្នុងជុំទី២នេះ នឹងធ្វើឲ្យតំបន់ប្រយុទ្ធរបស់ក្រុមកាន់តែមុតស្រួច ព្រោះគេជឿជាក់ថា ការប្រើប្រាស់ភាសាតែមួយ និងកម្រិតគុណភាពរបស់កីឡាករចំនូលថ្មីទាំង ២ ជាគុណសម្បត្តិដ៏អស្ចារ្យ។
«វាពិតជាល្អខ្លាំងណាស់ សម្រាប់ការលេងជាដៃគូនៅតំបន់ប្រយុទ្ធ ព្រោះយើងស្គាល់គ្នាស្រាប់ និយាយទៅដូចបងប្អូនអ៊ីចឹង។
ម្យ៉ាងទៀត Omokafe មានបទពិសោធនៅលីគកម្ពុជាស្រាប់។ ដូចបានឃើញអ៊ីចឹង យើងលេងបានស៊ីចង្វាក់ក្នុងប្រកួតជាមួយបាទី បើទោះជាយើងរកគ្រាប់បាល់បានចុងម៉ោងក្ដី។ ជាការពិត យើងមានឱកាសច្រើន តែមិនសូវសំណាង។ វាងាយស្រួលសម្រាប់ពួកយើង ដែលនិយាយភាសាដូចគ្នា ងាយយល់ពីគ្នា ហើយខ្ញុំជឿជាក់ថា នេះជារឿងប្រសើរមួយចំពោះគីរីវង់ ប្រជែងយកចំណាត់ថ្នាក់ល្អ នៅជុំទី ២នេះ»។
អតីតសមាជិកណាហ្គាវើលដ៍ដដែលបន្ថែមថា កីឡាករចំណូលថ្មីទាំង ២ ពុំមែនមានទំនាក់ទំនងល្អតែជាមួយខ្លួននោះទេ ប៉ុន្តែក្នុងក្រុមទាំងមូល ក៏គេបង្ហាញពីភាពស្និទ្ធស្នាល និងស៊ីចង្វាក់គ្នាលើទីលានផងដែរ។ Barry អះអាងថា វត្តមាន Rasheed និង Julien កាន់តែធ្វើឲ្យគីរីវង់រឹងមាំថែមទៀត។
គួរជម្រាបជូនថា ក្នុងជុំទី២នេះ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Rasheed Omokafe Adeyanju ចេញពីកងយោធពលខេមរភូមិន្ទ ក្នុងលក្ខណ្ឌខ្ចីជើង ចំណែក David Julien William Koum ធ្លាប់ជាសមាជិកអាស៊ីអឺរ៉ុបយូណាយធីតកាលពីរដូវកាលមុន ខណៈជុំទី១រដូវកាលនេះ គេចូលរួមជាមួយក្រុមពាក់កណ្ដាលអាជីពមួយ៕
ដោយ ៖វិច្ឆិកា