កំពត៖ជាការពិតណាស់ ការបោះចោលសំរាមពាសវាលពាសកាល មិនមែនទើបកើតឡើងគួរឲ្យភ្ញាក់ផ្អើលនោះទេ តែវាទម្លាប់មានយូរមកហើយ សម្រាប់ប្រជាជនខ្មែរយើង ដែលចាប់តាំងពីមុខឡើងទៅ រហូតដល់តាមបណ្តាដងផ្លូវ។ មិនត្រឹមតែប៉ុណ្ណឹងទេ មនុស្សមួយចំនួនធំ ក៏នៅតែមានទម្លាប់ចោលសំរាមនេះដដែល នៅតាមរមណីយដ្ឋាន ឬ តំបន់ទេសចរណ៍សំខាន់ៗ បើទោះមានមហាជនធ្វើការរិះគន់យ៉ាងចាស់ៗដៃយ៉ាងណាក៏ដោយ។
ទាក់ទងនឹងបញ្ហានេះផងដែរ កាលពីម្សិលមិញនេះ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ អ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើល ចាប់អារម្មណ៍ជាខ្លាំង ខណៈគេបានប្រទះឃើញលើកទី១ ដែលទំព័រហ្វេសប៊ុកសណ្ឋាគារ ឋានសួគ៌សុខា (Thansur Sokha Hotel) ស្រាប់តែបានចេញសេចក្តីជូនដំណឹងប្រកាសរឹតបន្តឹងការគ្រប់គ្រងបរិស្ថានសំដៅរក្សាអនាម័យ និងសោភ័ណភាពរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្ស – ភ្នំបូកគោ។
ក្នុងនោះ គណៈគ្រប់គ្រងសណ្ឋាគារខាងលើ បានជម្រាបជូនដល់សាធារណជន ឲ្យបានជ្រាបថា ដោយមើលឃើញថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់ខ្លួនកំពុងប្រឈមមុខយ៉ាងខ្លាំង ក្នុងការប្រមូលសំរាមដែលមានក្លិនស្អុយជះខ្លាំងរាប់រយគីឡូ និងពេលខ្លះរហូតដល់រាប់តោន ជាពិសេសនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ខណៈក្រុមហ៊ុនមិនមានបុគ្គលិកគ្រប់គ្រាន់ ក្នុងការប្រមូលសំរាមទាំងនោះបាន ហេតុនេះ ក្រុមហ៊ុនសូមអធ្យាស្រ័យ និងសុំការយោគយល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដោយធ្វើការរឹតបន្តឹងការចោលសំរាមពាសវាលពាសកាលចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដោយក្នុងនោះទី១- មិនអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ យកម្ហូបអាហារឡើងលើភ្នំបូកគោទៀតឡើយ។ ទី២- មិនអនុញ្ញាតឲ្យទទួលទានម្ហូបអាហារ នៅតាមដងវិថី និងទីសម្រាកលំហែសាធារណៈនានា នៅលើភ្នំបូកគោ។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏មានមតិរិះគន់ក្នុងន័យស្ថាបនាបែបនេះថា៖ «អ៊ីចឹងទៅដើរលេងបានតែពួកអ្នកមានៗទៅ រីឯគ្នាខ្លះក្រចូលលុយគ្នាជួលឡានទៅលេងព្រោះចង់ស្គាល់ ហើយបើឲ្យទិញអាហារលើភ្នំតើតម្លៃថោកល្មមដែរឬទេ ហើយបើចាំមកជើងភ្នំចាំញ៉ាំ ចុះខ្លះក្មេងតូចតូចអាចទ្រាំហេវបានទេ អាចកើតជាខ្យល់ក៏ថាបាន គួរតែពន្យល់ប្រាប់ពួកគាត់មុនឡើងភ្នំ ឬដាក់ផ្លាកផាកវិន័យសម្រាប់អ្នកមិនយកសំរាមមកក្រោមដោយខ្លួនឯងវិញ ដោយដាក់សន្តិសុខមួយចំនួនចាំត្រួតពិនិត្យអនាម័យវិញ អាណិតគ្នាអ្នកក្រផង» ។ រីឯអ្នកផ្សេងចំអកឲ្យថា «ដោយសារមួកតូចពេកពាក់មិនចូលក្រុមហ៊ុនតម្រូវឱ្យកាត់ក្បាលតម្រូវមួក»។
តែទោះយ៉ាងណា ក៏នៅមានមតិជាច្រើនទៀត បានគាំទ្រចំពោះចំណាត់ការខាងលើរបស់ក្រុមហ៊ុន ដោយក្នុងនោះគេបានព្រលះពួកស៊ីចោលឥតខួរយ៉ាងដូច្នេះថា៖ «មិនដឹងត្រូវគិតយ៉ាងម៉េចទេ ជនជាតិខ្មែរមួយចំនួនតូចទៅដល់ណា គឺសំរាមទៅដល់ទីនោះដែរ» ៕ ដោយ៖ លឹម ហុង