Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ប្ដី​មាន​ស្រី​នៅក្នុង​បន្ទប់ ផ្ទុះ​កំហឹង ចាក់​សម្លាប់​ចំនួន ៣ កាំបិត​

ស្ទឹងត្រែង ៖​ស្ត្រី​ម្នាក់​តាម​ទាន់​ប្ដី​កំពុងមាន​ស្រី នៅក្នុង​បន្ទប់ ទប់​កំហឹង​មិនបាន ប្រតាយប្រតប់​គ្នា ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​ចំនួន ៣ កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​។ ករណីនេះ​បានកើត​ឡើង​នៅក្នុង​ដីចំការ ស្ថិតនៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង ៣ រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ ២០២០​។​

ជនសង្ស័យ​ត្រូវជា​ប្រពន្ធ បន្ទាប់ពី​បាន​ចាក់​សម្លាប់​ប្ដី​រួចមក មិនបាន​រត់​ទៅណា​ទេ ។ នគរបាល​ស្រុក​សេ​សាន បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ឃាតកម្ម ប្រពន្ធ​ចាក់​សម្លាប់​ប្ដី ក៏​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

លោក​វរសេនីយ៍ឯក ទេស ភា​លាភ អធិការនគរបាល​ស្រុក​សេ​សាន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាក់​សម្លាប់​ប្ដី​ខ្លួនឯង មានឈ្មោះ ហួត សុខ​ឡេង អាយុ ៣៦ ឆ្នាំ បច្ចុប្បន្ន​រស់នៅ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ ជនរងគ្រោះ​ដែល​ត្រូវជា​ប្ដី​ឈ្មោះ ម៉ុ​ល ចាន់ អាយុ ៣៣ ឆ្នាំ ។​

បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​ជា​ជនសង្ស័យ បាន​ឲ្យ​ដឹងថា នាង​ឈានទៅដល់​ការចាក់សម្លាប់​ប្តី​ខ្លួនឯង គឺ​បណ្ដាលមកពី​ភ្លើង​ប្រច័ណ្ឌ ដែល​បុរស​ជា​ប្ដី​(​រងគ្រោះ​)​នោះ មាន​ស្រី​ច្រើន​រាប់មិនអស់ ។ ជនសង្ស័យ​បាន​ទៅ​ទាន់​ប្ដី កំពុងតែ​នៅក្នុង​បន្ទប់​ជាមួយ​ស្រី​ផ្សេង ទើប​ស្ត្រី​ជា​ជនសង្ស័យ ទប់​កំហឹង​មិនបាន​ក៏​ប្រតាយប្រតប់ និង​ទាញ​កាំបិត ចាក់​ចំ​ភ្លៅ​ខាងស្ដាំ លើ​ជង្គង់​មួយ​កំបិត ចាក់​ចំ​គល់ភ្លៅ​ខាងស្ដាំ​មួយ​កាំបិត និង​មួយ​កាំបិត​ទៀត​ចំ​ដៃ​ខាងឆ្វេង បណ្ដាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ភ្លាមៗ​នោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ មុខរបួស​ធ្ងន់ធ្ងរ​ពេក មិន​អាចជួយ​សង្គ្រោះបាន ក៏​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។

ក្រោយ​កើតហេតុ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មកកាន់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​៕​ដោយ​៖​សុខុម​

×