តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការជំរុញ ក៏ដូចជាពន្លឿនទៅដល់ក្រុមការងារ ទាំងអស់ដែលពាក់ព័ន្ធនឹងកិច្ចការងារសាងសង់ដំបូលផ្សារសំរោងយ៉ោង ត្រូវប្រញ៉ាប់ប្រញ៉ាល់សាងសង់ ដំបូលនេះឲ្យបានលឿនឆាប់រហ័ស ដើម្បីឲ្យអាជីវករឆាប់បានលក់ដូរជាបណ្តោះអាសន្នឡើងវិញ បន្ទាប់ពីអគ្គិភ័យបានឆេះស្ទើរតែទាំងស្រុងកាលពីយប់ថ្ងៃទី១៧ កញ្ញា វេលាម៉ោង៧នឹង១០នាទីនោះ ។
ថ្លែងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំ និងសាងសង់ដំបូលផ្សារជូនអាជីវករផ្សារសំរោងយ៉ោង ដើម្បីធ្វើការពន្លឿនការសិក្សាគម្រោង និងសាងសង់ដំបូលផ្សារប្រកបដោយគុណភាព សំណង់រឹងមាំ នៅឯសាលប្រជុំសាលាស្រុកបាទី នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ សម្រេចកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឲ្យបង្កើតគណៈកម្មការរៀបចំ និងសាងសង់ដំបូលផ្សារជូនអាជីវករផ្សារសំរោងយ៉ោង ដែលបានរងគ្រោះអគ្គិភ័យ ក៏ដូចជាឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារអាមេរិច សម្រាប់សាងសង់ដំបូលផ្សារនេះ ហើយការសាងសង់នេះ គឺត្រូវធានាថា មានគុណភាពនឹងត្រូវត្រឹមតាមស្តង់ដារបច្ចេកទេស និងធានាសុវត្ថិភាពក្រោយពីក្រុមអាជីវករបានលក់ដូរឡើងវិញ ។
ឯកឧត្តម អ៊ូច ភា បានគូសបញ្ជាក់ទៀតថា ដើម្បីធានាបាននូវគុណភាពរឹងមាំ នឹងមានស្តង់ដារសុវត្ថិភាពជូនក្រុមអាជីវករនោះ សូមក្រុមការងារសាងសង់ដំបូលផ្សារសំរោងយ៉ោងនេះ ដែលមានអភិបាលរងខេត្តមួយរូបជាអ្នកដឹកនាំផ្ទាល់ ក៏ដូចជាមន្ទីរជំនាញត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់ និងគូសប្លង់ឲ្យបានត្រឹមត្រូវនឹងសុវត្ថិភាពជាទីបំផុត ពិសេសគឺត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរស្រុក ដើម្បីធានាបានថា ពុំមានបញ្ហាអ្វីកើតមានឡើងទៀត នឹងធ្វើឲ្យបានលឿនឆាប់រហ័ស ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៩នឹង១០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆេះផ្សារសំរោងយ៉ោង ដែលបានធ្វើឲ្យខូចខាតតូបរបស់អាជីវករចំនួន ២៤៣តូប ក្នុងនោះតូបឆេះអស់ ចំនួន១៩៩តូប និងមានម្ចាស់តូបចំនួន ១៥៧ គ្រួសារ ព្រមទាំងប្រើប្រាស់រថយន្តបាញ់ទឹកអស់៩២ឡាន រហូតដល់ម៉ោង២១នឹង៣០នាទីយប់ ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង ។
គួរំលឹកផងដែរថា ក្រោយហេតុការណ៍ឆេះផ្សារសំរោងយ៉ោងបានមួយថ្ងៃ ក្នុងឱកាសដែលឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ចុះពិនិត្យស្ថានភាពផ្សារសំរោងយ៉ោងក្រោយពេលឆេះ កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេចឧបត្ថម្ភថវិកាចំនួន ៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរវិញជាប៉ុណ្ដោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូប៕ដោយ៖ តាកែវ