ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុក រាជធានីភ្នំពេញ ជាបេះដូងរបស់ជាតិ និង ជាកន្លែងប្រមូលផ្តុំនូវបញ្ហាទាំងឡាយ នាពេលកន្លងមក រាជធានីភ្នំពេញពិតជាដើរតួសំខាន់ជាមួយ និងក្រសួង ស្ថាប័ន និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការពង្រឹងសន្តិភាព ស្ថេរភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។
ការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើង កាលពីរសៀលថ្ងៃពុធ ទី៧ ខែកុម្ភះ ឆ្នាំ២០១៨ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និង លើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានី នៅសាលារាជធានីភ្នំពេញ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ ដែលមិនធ្វើអ្វីឱ្យមានការរំខាន និងប៉ះពាល់ដល់សុខសន្តិភាព និងស្ថេរភាពនយោបាយនោះ ចាត់ទុកថា ជាការចូលរួមដ៏ធំធេង បើទោះជាគាត់មិនមែនជាអាជ្ញាធរមានសមត្ថកិច្ចក៏ដោយ តែបានប្រកាន់នូវឥរិយាបទ មិនធ្វើអ្វីប៉ះពាល់ដល់សន្តិភាពដែលបានកើតមកដោយកិច្ចខិតខំប្រឹងប្រែដ៏លំបាកបំផុត។
ពាក់ព័ន្ធនិងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញវិញ សម្តេចក្រឡាហោម បានទទួលស្គាល់ថា នៅមានបញ្ហាប្រឈម និងការលំបាកជាច្រើន តែរដ្ឋបាលរាជធានីភ្នំពេញ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយ ព្រោះថាជាកន្លែងប្រមូលផ្តុំមនុស្សរស់នៅច្រើន រាល់បញ្ហាទាំងឡាយគឺបានកើតមានឡើង ពិសេស បញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាចរាចរ ដែលកើតឡើងដោយសារ កំណើននៃមធ្យោបាយ និង ការមករស់នៅរបស់ប្រជាពលរដ្ឋពីគ្រប់ទិសទី ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនោះសម្តេច ក្រឡាហោម បានចាត់ទុកថា នេះជាឱកាសរបស់កម្ពុជាមួយដែរ បើសិនជាមិនបានជួបប្រទះបញ្ហាខាងលើនេះទេ ប្រហែលជាគ្មានឱកាស ដើម្បីនិងរៀបចំស្ថានការណ៍នេះឱ្យល្អប្រសើរដែរ។ បើគ្មានការកើនឡើង នៃមធ្យោបាយ ឬ មនុស្សនៅក្នុងទីក្រុងទេ ក៏ជាការបញ្ជាក់ថា ប្រទេសនោះគ្មានការអភិវឌ្ឍន៍ និងរីកចំរើននោះដែរ។
សម្តេចក្រឡាហោមបញ្ជាក់ទៀតថា កម្ពុជាសុទ្ធចិត្តទទួលយក នូវបញ្ហាប្រឈមទាំងនោះ ដើម្បីធ្វើការសិក្សា ស្រាវជ្រាវ ពីមូលហេតុពិតប្រាកដ ហើយដាក់ចេញនូវវិធានការសមស្រប ដោះស្រាយជាបន្តបន្ទាប់ ដូចដែលបានធ្វើក្នុងឆ្នាំ២០១៧កន្លងទៅ រួមមាន៖ ការអនុវត្តច្បាប់ចរាចរផ្លូវគោក ការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើចោរកម្ម ជាដើម។សម្តេចបានសង្កត់ធ្ងន់ថា រាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា ការរក្សាបាននូវសន្តិសុខសម្រាប់បំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ គឺជាព្រឹត្តការដ៏អស្ចារ្យមួយ សម្រាប់ប្រទេសដែលទើបតែចេញពីសង្គ្រាមដូចកម្ពុជា ហើយកន្លងទៅនេះ បានអនុវត្ត នូវលិទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស ធ្វើការបោះឆ្នោតទទួលបានជោគជ័យជាច្រើនលើក ដែលជាមោទ នភាពរបស់ជាតិ។
សម្តេចឧបនាយករដ្ឋមន្ត្រីបន្ថែមថា សម្រាប់ឆ្នាំ២០១៨នេះ ក៏ជាឆ្នាំដ៏សំខាន់ ដែលកម្ពុជា នឹងមានការបោះឆ្នោតរហូតដល់ទៅ២ គឺការបោះឆ្នោតព្រឹទ្ធសភានិតិកាលទី៤ និង ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ និតិកាលទី៦ ដែលជាព្រឹត្តិការនយោបាយដ៏ធំ ដែលអាចជាការបកស្រាយ និងពន្យល់ដល់មតិសាធារណៈ ពិសេសអន្តរជាតិ ឱ្យឃើញថា កម្ពុជានៅតែបន្តដើរលើផ្លូវប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងពិតប្រាកដ។ មួយវិញទៀត កម្ពុជាបានចូលរួមអនុវត្ត នយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាល ក្នុងនោះ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ដែលត្រូវបានមជ្ឈដ្ឋានទូទៅ យកចិត្តទុកដាក់ ពិសេសកំណែទម្រង់ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម។ ដោយឡែក កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ដែលជាកំណែទម្រង់មួយមានអត្ថន័យជ្រាលជ្រៅ ដល់ការពង្រឹងស្ថេរភាពនយោបាយ ការពង្រឹងលទិ្ធប្រជាធិបតេយ្យ ពង្រឹងភាពធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋ និងការជម្រុញការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះសម្តេច ក្រឡាហោម បានបញ្ជាក់បន្ថែមថា រាល់សមិទ្ធិផលដែលរាជធានីភ្នំពេញសម្រេច បានក្នុងឆ្នាំកន្លងទៅនេះ គឺបានរួមចំណែកយ៉ាងពិតប្រាកដ ទៅក្នុងជោគជ័យរួមរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី និងបានធ្វើឱ្យសុខសន្តិភាពមានយ៉ាងរឹងមាំ មានស្ថេរភាពនយោបាយ យ៉ាងល្អប្រសើរ មានការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចំរើន គួរឱ្យកត់សម្គាល់ និងជាមោទនភាព។ សម្តេចក្រឡាហោម សុំឱ្យថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អនុវត្តសកម្មភាពនេះតទៅទៀត ដើម្បីប្រយោជន៍ ប្រជាជន និងប្រទេសជាតិ៕ ដោយ៖កូឡាប