ស្ទឹងត្រែង៖គេសង្កេតឃើញថាមុខរបរលក់ដូរសាច់សត្វព្រៃខុសច្បាប់ នៅតែឃើញមានដាក់លក់ដូររាល់ថ្ងៃនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង បើទោះបីជាអាជ្ញាធរនិងក្រុមអភិរក្សសត្វព្រៃចាប់ជាច្រើនលើកក៏ដោយ ក៏អ្នកលក់មុខដដែលៗ លក់យ៉ាងរំភើយ។
បើយើងទៅមើលខាងកើតផ្សារសាមគ្គីខេត្តស្ទឹងត្រែង ឃើញតូបអ្នកលក់នៅទីនោះមានអ្នកដាក់លក់សាច់សត្វព្រៃ ដោយបើកចំហនៅលើរានតូចមួយ ចំនួនពីរកន្លែង។
អ្នកលក់នៅក្បែរនោះ បានប្រាប់ឲ្យដឹងថា អ្នកលក់សាច់សត្វព្រៃ គឺជាមនុស្សដដែលៗ ហើយសមត្ថកិច្ចក៏ធ្លាប់បានបង្ក្រាបជាច្រើនដងរួចមកហើយ តែក្រោយមកក៏ស្ងាត់ទៅវិញ។ ជាធម្មតាសាច់សត្វព្រៃខុសច្បាប់ ដែលនិយមទទួលទានតែងលក់តាំងពីព្រឹករហូតដល់ល្ងាច។ សាច់ងាប់ដែលគេដាក់លក់នោះ មានច្រើនមុខដូចជាសត្វជ្រូកព្រៃ ឈ្លូស ប្រកួត អន្សងជាដើម។
នៅក្នុងចំណោមសាច់ប្រភេទសត្វខុសគ្នានោះ មានតម្លៃថ្លៃជាងគេដែលហៅថាងៀតប្រើស។ សាច់ជ្រូកព្រៃស្រស់ក្នុងមួយគីឡូក្រាមចាប់ពី ២ ម៉ឺនទៅ ២ម៉ឺន៥ពាន់រៀល ហើយងៀតសាច់ប្រើស គឺមានតម្លៃថ្លៃជាងគេ។
អ្នកលក់ដូរក្បែរនោះ បានប្រាប់ទៀតថា សាច់សត្វទាំងអស់នោះ គឺគេដឹកមកពីតាមភូមិដាច់ស្រយាល តែព្រានព្រៃដាក់អន្ទាក់និងប្រើឧបករណ៍ឆក់ខ្សែភ្លើង ជាមួយអាគុយ។ អ្នកលក់សាច់សត្វព្រៃឆ្លាតណាស់ ដាក់លក់មិនច្រើនប៉ុន្មានទេ។ បើនៅផ្ទះវិញ គេទុកដាក់ធុងត្រាំទឹកកក ទាំងមូលរាប់សិបគីឡូក្រាម។
មានការលើកឡើងថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថានខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអង្គការអភិរក្សសត្វព្រៃ ទទួលខុសត្រូវមិនសូវឃើញចេញមុខចុះបង្ក្រាបឡើយ។ ពេលខ្លះបង្ក្រាបពេលព្រឹក ពេលល្ងាចមានដាក់លក់នៅកន្លែងដដែល ហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ចទាល់តែសោះ។ ក៏ប៉ុន្តែគេឆ្ងល់ថាហេតុអ្វីមន្ត្រីពាក់ព័ន្ធទាំងនោះ មិនសូវឃើញមុខចុះបង្ក្រាប ឬមួយក៏មន្ត្រីទាំងនោះ ទទួលផលប្រយោជន៍ពីអ្នកលក់ទេដឹង?៕ ដោយ៖សុខុម