ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះបានចេញសេចក្តីប្រកាស ហាមឃាត់ មិនឱ្យហែក្បួនឃោសនានៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅតាមដងវិថី និងទីប្រជុំជនមួយចំនួន ដើម្បីបញ្ចៀសការកកស្ទះ។
យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤ឆ្នាំ២០១៨ ប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ដងវិថី និងទីប្រជុំជនមួយចំនួនដែលត្រូវគ.ជ.ប និងអាជ្ញាធរហាមឃាត់ការហែក្បួននេះ រួមមានដូចជា មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវជុំវិញផ្សារធំថ្មី ផ្លូវជុំវិញផ្សារអូរឫស្សី ផ្លូវជុំវិញផ្សារអូឡាំពិក សួនព្រះបរមរាជវាំង ទីធ្លាព្រះមេរុ សួនមុខវត្តបទុមវតី ទីតាំងវិមានឯករាជ្យ ជាដើម។
ទាក់ទងករណីនេះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនគណបក្សនយោបាយទាំងអស់ ឲ្យបានល្អប្រសើរ និងដើម្បីចៀសវាងការកកស្ទះចរាចរដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ គណៈកម្មការៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយគណបក្សនយោបាយទាំងអស់ និងបានចាត់តាំងលោក ស៊ីម ជូនី អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ។
សូមជម្រាប់ថា គណបក្សនយោបាយចំនួន៤ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៕ ដោយ៖បញ្ញាស័ក្តិ