Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ អូស្ត្រាលីបានបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អលើវិស័យស្រូវអង្ករ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលបានបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អលើវិស័យស្រូវអង្ករ តាមរយៈការចែករំលែកបច្ចេកទេសដាំដុះ បង្កាត់ពូជស្រូវ ដែលទទួលបានលទ្ធផលល្អក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូតថា កម្ពុជាទទួលបានពានរង្វាន់អង្ករក្រអូបល្អបំផុតចំនួន ៦លើក ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់ពីគុណភាពអង្ករប្រណិតរបស់កម្ពុជា ពីសំណាក់សហគមន៍អន្ដរជាតិ។ បន្ថែមពីការធានាសន្តិសុខស្បៀង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវកម្មវិធី និងគោលនយោបាយអាទិភាពនានា សំដៅធានាលើកកម្ពស់គុណភាពនៃផលិតផលកសិកម្ម ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងឈានទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មបាននិងកំពុងព្យាយាមជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានគោលដៅគ្រប់គ្រងផលិតកម្ម និងគុណភាពកសិផល តាមរយៈផលិតកម្មរួម ដោយប្រើប្រាស់បច្ចេកទេសថ្មី ដើម្បីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់អូស្ត្រាលី ជាពិសេសឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាដែលបានផ្តល់ការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការល្អលើវិស័យកសិកម្ម នឹងបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងគោលបំណងកែលម្អកសិកម្មកម្ពុជា និងបង្កើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម៕រក្សាសិទ្ធដោយ៖សុទ្ធលី

×