ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុចនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា បានអះអាងថា៖ ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ជាធម្មតាឡើងវិញ។
អ្នកនាំពាក្យរូបនេះ បានបន្ដថា ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុចក្នុងនោះរួមមាន ការបញ្ឈប់ការប្រើប្រាស់ពាក្យមិនសមរម្យ និងជេរប្រមាថលើកម្មករ ការអនុញ្ញាតឱ្យកម្មករដែលមានជំងឺដែលមានវេជ្ជបញ្ជាអាចឈប់សម្រាក អនុវត្តការឈប់សម្រាកប្រចាំឆ្នាំដែលធ្វើឡើងទៅតាមវេន ដើម្បីធានាខ្សែច្រវាក់ផលិតកម្ម និងការមិនគុំគួននឹងគ្នាជាដើម។
ក្រោយពីទទួលបានព័ត៌មាននៃតវ៉ារបស់បងប្អូនកម្មកររោងចក្រ យូ ជា ឆេង នេះភ្លាម, លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ៕
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានចុះសម្របសម្រួលដោះស្រាយការតវ៉ារបស់បងប្អូនកម្មករក្រុមហ៊ុន YU JIA CHENG INTERNATIONAL Company Ltd ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែមករា ឆាំ២០២៦នេះរហូតដល់ពេលរសៀលថ្ងៃដដែល ត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុច៕ រក្សាសិទ្ធដោយ៖សុទ្ធលី









