នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិកាកណ្តាលស.ស.យ.ក. ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំសមាគមទូរទស្សន៍ សមាគមវិទ្យុ សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីបជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវសេចក្ដីសោមន្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងផ្តួចផ្តើមគំនិតក្នុងការរៀបចំកម្មវិធី រួមទាំងព្រឹត្តិការណ៍នានា ក្នុងន័យលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ។ ជាក់ស្ដែងជំនួបនៅពេលនេះ ក៏ជាការរៀបចំឡើងក្នុងគោលបំណងប្រមូលនូវធាតុចូលបន្ថែម និងបញ្រ្ជាបពីគោលបំណងរបស់ ស.ស.យ.ក. ក្នុងការរៀបចំកម្មវិធី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ថ្នាក់ដឹកនាំវិស័យព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលតែងបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជាពិសេសអំពីស្ថានភាពនៃការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃមកលើប្រទេសកម្ពុជា។ ក្នុងន័យនេះ ក្រៅពីការត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ក្រុមការងារ ស.ស.យ.ក មានបំណងចង់យកឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ ផ្សារភ្ជាប់ជាមួយនឹងបងប្អូនជនភៀសសឹក ក៏ដូចជាវីរយុទ្ធជនយើង ដែលកំពុងឈរជើងនៅសមរភូមិមុខ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិតណាស់ពិធីបុណ្យចូលឆ្នាំថ្មីជាឱកាសសប្បាយរីកររាយជាលក្ខណៈមហាគ្រួសារខ្មែរ ប៉ុន្តែវាក៏ជាឱកាសដែលអាចអនុញ្ញាតឲ្យយើងរួមគ្នាជាគ្រួសារខ្មែរគ្រប់ទិសទី បង្ហាញសាមគ្គីភាព ក៏ដូចជាការរួមគ្នារំលឹកពីវីរភាព និងការលះបង់របស់វីរយុទ្ធជនយើងនាពេលកន្លងមក។
ជាការផ្តាំផ្ញើ ឯកឧត្តម បានលើកទឹកចិត្តឲ្យសមាគមទូរទស្សន៍ សមាគមវិទ្យុ និងសមាគមអ្នកសារព័ត៌មានទាំងអស់ ចូលរួម និងគាំទ្រតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណានាំមកនូវប្រយោជន៍ជូនជាតិ និងប្រជាជនយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី






