ព្រៃឈរ ខេត្តកំពង់ចាម ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តាសំខាន់ ដើម្បីធានាដល់ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ហើយបើសិនបាត់បង់សន្តិភាព នោះកម្ពុជានឹងត្រូវបាត់បង់អ្វីៗទាំងអស់។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានារបស់ វត្តអម្ពវ័ន ហៅវត្តស្រោង ដែលមានអាយុកាល ៦១ឆ្នាំ ស្ថិតនៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងកសាងប្រទេសចេញពីចំណុចសូន្យ ដោយត្រូវប្រឈមបញ្ហា និងត្រូវហែលឆ្លងឧបសគ្គរាប់រយជំពូក ដើម្បីដឹកនាំនាវាកម្ពុជា មកកាន់ត្រើយសុខសន្តិភាព និងវឌ្ឍនភាពដូចបច្ចុប្បន្ន។
“ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាប្រទេសគោលដៅ ដែលមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៏ និងវិនិយោគ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគិតជាមធ្យម ៧% ក្នុងរយៈពេល ២ទស្សវត្សចុងក្រោយ”។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
“ជាមួយវឌ្ឍនភាពដ៏ប្រសើរនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានឱកាសបង្កើនជីវភាព និងប្រាក់ចំណូលកាន់តែសមរម្យ ដើម្បីឆ្លើយតបនឹងការវិវត្តន៍នៃសាកលភាវូបនីយកម្ម។ ក្នុងរយៈពេល ៥ឆ្នាំនេះ ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការ បានកើនឡើងបីដង ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក៏បានកើនឡើងជាងពីរដងផងដែរ” លោករដ្ឋមន្ត្រីបានអះអាងបន្ថែម៕ ដោយ៖បញ្ញាស័ក្តិ