ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ សកម្មភាព គោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (គ.ស.ស.) បានដឹកនាំ “កិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម លើកទី ២” ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត វិធានការដែលបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការ លើកទី ១ កន្លងមក ព្រមទាំងពិនិត្យ និងអនុម័តលើសំណើ វិធានការបន្ថែម ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises – SMEs), នារសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
គណៈកម្មាធិការ បានពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តវិធានការដែលបានអនុម័តក្នុងកិច្ចប្រជុំលើកទី ១
ក្រោយពីបានពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការរយៈពេល ២ ខែកន្លងមក, អង្គប្រជុំបាន វាយតម្លៃខ្ពស់សម្រាប់លទ្ធផលដែលសម្រេចបាន និងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តសហការ និងជំរុញការអនុវត្តវិធានការនីមួយៗ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
វិធានការស្នើសុំការពិនិត្យ និងសម្រេច ការកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម (SMES) ឡើងវិញ គឺដើម្បីឱ្យមានសង្គតិភាពរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សម្រាប់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សហគ្រាស ធនតូច និងមធ្យម ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព , ជាថ្មីម្តងទៀត , អង្គប្រជុំបានពិភាក្សាអំពីនិយមន័យសហគ្រាស ធុនតូច និងមធ្យម ដែលត្រូវបានកំណត់ដោយផ្អែកតាមលក្ខខណ្ឌចំនួន ២ គឺ ១. ចំនួនបុគ្គលិក និង ២. ផលរបរ ប្រចាំឆ្នាំ ឬទ្រព្យសកម្ម ដោយបែងចែកតាមវិស័យ ចំនួន ៣ គឺ ៖ – វិស័យកសិកម្ម , – ឧស្សាហកម្ម, និង- សេវាកម្ម និងពាណិជ្ជកម្ម ។
ការលុបបំបាត់ និងការកែសម្រួលការផ្តល់អាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នា៖ អង្គប្រជុំ ក៏បានពិភាក្សាអំពីការលុបបំបាត់ និងការកែសម្រួលការផ្តល់អាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នា ។
អាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រដែលផ្តល់ត្រួតគ្នារវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវលុបបំបាត់ និងការកែសម្រួល ដោយផ្នែក លើអភិក្រមតម្លៃបន្ថែម និងវិចារណកម្ម (rationalization) និង ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ។ វិស័យ ពាក់ព័ន្ធសំខាន់ៗក្នុងការលុបបំបាត់ និង ការកែសម្រួលការផ្តល់អាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រដែលត្រួតគ្នានេះ រួមមាន វិស័យទេសចរណ៍ និង ធុរកិច្ចផលិតចំណីអាហារ ពីកសិដ្ឋានផលិត រហូតដល់តុបរិភោគ ។ អង្គប្រជុំ ក៏បានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាព ក្នុងការការសម្រួលពន្លឿននីតិវិធីរដ្ឋបាល និងភ្ជាប់ការផ្តល់អាជ្ញាប័ណ្ណ ឬ វិញ្ញាបនបត្រពាក់ព័ន្ធផ្សេងៗ ទៅក្នុងថ្នាលអនឡាញ CamDX ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យងណើរការក្នុងពេលថ្មីៗ កន្លងមកនេះ ។
កែសម្រួលមុខងារអធិការកិច្ចដែលត្រតគ្នារវាងក្រសួងស្ថាប័ន គឺផ្អែកលើគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជា នាយករដ្ឋមន្ត្រី កាលពីខែមីនា ឆ្នាំ ២០១៩ កន្លងមក, អធិការកិច្ចដែលត្រួតគ្នារវាងក្រសួង -ស្ថាប័ន ត្រូវកែសម្រួលដោយបញ្ចូលបន្ថែមនូវក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើអធិការកិច្ចចម្រុះរួមគ្នា ដោយឆែកតែមួយលើក ដោយបែងចែកមុខងារក្រសួង-ស្ថាប័នចុះអធិការកិច្ច ទៅតាមបញ្ហា ឬ បណ្តឹង និងទៅតាមសមត្ថកិច្ចក្រសួង ដំណាក់កាលផលិតកម្ម -ស្ថាប័នក្នុងការចុះអធិការកិច្ច ក៏ដូចជាតាមដំណាក់កាលនៃច្រវាក់ផ្គង់ផ្គង់ ជាអាទី , កែច្នៃ និង លើទីផ្សារ ជាដើម ។
សំណើវិធានការបន្ថែម គឺអង្គប្រជុំ ក៏បានស្នើឲ្យក្រុមអធិការកិច្ច ត្រូវគោរពតាមនីតិវិធីនៃការចុះអធិការកិច្ច និងត្រូវបញ្ជាក់ឲ្យបានច្បាស់អំពីសិទ្ធិរបស់ម្ចាស់សហគ្រាស ជូនម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងពេលចុះធ្វើអធិការកិច្ច ផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ការ លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តវិធានការដែលបានអនុម័ត និងជំរុញការងារបន្តក្នុងការជួយលើកស្ទួយសហគ្រាស ធុនតូច និងមធ្យម គឺត្រូវការការសម្របសម្រួល និងកិច្ចសហការអន្តរក្រសួង-ស្ថាប័ន ជាអន្តរវិស័យ ក្នុងការតាមដាន និងអនុវត្ត ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណឯកឧត្តម លោកជំទាវរដ្ឋមន្ត្រី និងថ្នាក់ ដឹកដាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានឆន្ទៈមុតមាំ ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានខិតខំបំពេញ ភារកិច្ចចូលរួមដោះស្រាយបញ្ហាប្រឈមសម្រាប់លើកស្ទួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ៕ដោយ៖កូឡាប