ភ្នំពេញ៖ ស្រ្តីឈ្មោះ សំ សុខា ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់ ស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្ដេចតេជោ ហ៊ុន សែន និងសម្តេចហេង សំរិន ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយលោក អ៊ុក រ៉េតគន្ធា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ ដីកាដដែលបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន និងពិន័យជាប្រាក់ ៥លានរៀល ពីបទញុះញង់ឲ្យមានការរើសអើង និងជេរប្រមាថ ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ , ៤៩៦ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។ ស្រ្តីរូបនេះ កើតនៅភូមិអូរស្វាយចេក ឃុំចំការក្នុង ស្រុកទីរួមខេត្តតាកែវ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។លោក អ៊ុក រ៉េតគន្ធា ក៏បានបញ្ជាដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនឈ្មោះ សំ សុខា មកឃុំខ្លួននៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ៣៦ ជ ចុះថ្ងៃទី២៥ខែមករាឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។
បើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ របស់លោក កែវ សុធា តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឈ្មោះសំ សុខា បានយកស្បែកជើងគប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជានិងប្រើពាក្យថា “អានេះវាដើរបំផ្លាញជាតិដល់នេះទៀត”។ “អំពើនេះជាបទល្មើសប្រមាថ និងញុះញង់ឲ្យមានការរើសអើងតាមមាត្រា ៥០២ , ៤៩៤ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ”។
ស្រ្តី សំ សុខា បានរត់គេចខ្លួនពីកម្ពុជា ទៅរស់នៅទីក្រុងបាងកក ប្រទេសថៃ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ក្រោយពេលដែលនាងបានយកស្បែកជើងគប់រូបប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
បើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានផ្សាយថា កាលពីថ្ងៃទី ៣ កុម្ភៈ ស្រ្តី ឈ្មោះសំ សុខា ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ រត់គេចខ្លួនពីកម្ពុជា ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ហើយការចាប់ខ្លួនស្រ្តីរូបនេះ ដោយសារមានទោសពីបទស្នាក់នៅហួសទិដ្ឋាការកាលពីដើមខែមករា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្រ្តី សំ សុខា បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន ថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ ក្រោយធ្វើសកម្មភាពបែបនេះ ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ហើយក៏ត្រូវបានតុលាការចេញដីកាបបង្គាប់ឲ្យចាប់ខ្លួន ទើបកម្លាំងនគរបាលតាមចាប់ខ្លួនបាន៕ ដោយ៖បញ្ញាស័ក្តិ