Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ជលផល​បារម្ភ ពី​និរន្តរភាព​នៃ​មច្ឆជាតិ ក្នុង​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង​៖ ទឹកទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ខេត្តស្ទឹងត្រែង​ប្រទេស​កម្ពុជា មានការ​ប្រែប្រួល​ខ្លាំង​នៅ​ឆ្នាំនេះ ដោយ​នៅក្នុង​ខែវស្សា ទឹក​នៅ​បាតទន្លេ​នៅឡើយ ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ពី​ការបន្ត​ពូជ​របស់​មច្ឆជាតិ​នៅក្នុង​ខេត្តស្ទឹងត្រែង​។​

​លោក​ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ថានភាព​ទឹកទន្លេ​ទាំង ៤ ដែល​ហូរ​កាត់​លើ​ទឹកដី​ខេត្តស្ទឹងត្រែង មានការ​ប្រែប្រួល​ទៅតាម​ធម្មជាតិ​។ នៅ​ឆ្នាំនេះ​ទឹកទន្លេ​មិន​ពេញប្រៀប​ជ្រាំង​ចូល​តាម​ដងអូរ​វាលទំនាប​ដូច​រាល់​ឆ្នាំ​ឡើយ​។​

​លោកនាយ​ខណ្ឌ បាន​និយាយ​បន្តទៀតថា ទឹកទន្លេ​មេគង្គ​ក្នុង​រយៈពេល ១០០ ឆ្នាំ​កន្លងមកនេះ ទើបតែនឹង​មានការ​ប្រែប្រួល​ខុសពី​ប្រក្រតី​នៅ​ឆ្នាំ ២០២០ នេះ​តែប៉ុណ្ណោះ​។ តាម​ការកត់សម្គាល់​ឃើញ​ថា​ជា​រៀងរាល់ឆ្នាំ​នៅ​អំឡុង​ខែមិថុនា​-​ខែកក្កដា ទឹកទន្លេ​ក្នុង​ខេត្ត​នេះ​ចាប់ផ្ដើម​ជន់​ឡើង​ពេញប្រៀប​ហូរ​ចូល​តាម​ប្រឡាយ អូរ ថ្លុក ត្រពាំង វាលទំនាប ជាដើម​។​ល​។ ក៏ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ​គេ​សង្កេតឃើញថា​ទឹកទន្លេ​មេគង្គ​មាន​កម្ពស់​ពី ៥ ទៅ ៧ ម៉ែត្រ តែប៉ុណ្ណោះ គឺ​ស្ទើរតែ​នៅ​បាតទន្លេ​នេះ​បើ​ធៀប​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។

មន្ត្រី​ជំនាញ​ខាងលើ​បាន​រៀបរាប់​បន្ថែមទៀតថា គិត​ត្រឹម​ចុងខែ​កញ្ញា​នេះ ត្រី​មេ​ពូជ​គ្រប់​ប្រភេទ​នៅក្នុង​ខេត្តស្ទឹងត្រែង មិនតិចជាង ៩៩% នោះទេ​បាន​ទម្លាក់​ពង​រួច​នៅក្នុង​ដែន​ធម្មជាតិ ប៉ុន្តែ​លោក​បារម្ភ​យ៉ាងខ្លាំង​ថា​ពងត្រី​ទាំងនោះ មិនដឹងថា​អាច​ញាស់​ចេញ​ជា​កូន​ត្រី ឬមួយ​ក៏​អត់​?

សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ប្រភពទឹក​ទន្លេមេគង្គ​មាន​ដើម​នៅ​ប្រទេស​ចិន​ហូរ​កាត់​ប្រទេស​ចំនួន ៦ គឺ​ប្រទេស​ចិន ភូមា ថៃ ឡាវ កម្ពុជា និង​វៀតណាម មាន​ប្រវែង​ជាង ៤២០០ គីឡូម៉ែត្រ ហើយ​បាន​ហូរ​កាត់​ខេត្តស្ទឹងត្រែង​ប្រវែង​ប្រមាណ ១២០ គីឡូម៉ែត្រ​។ នៅ​ខេត្តស្ទឹងត្រែង​មាន​ទន្លេ​ចំនួន​៤​ហូរ​កាត់​គឺ​ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ដែល​ទន្លេ​ទាំង​បួន​ហូរ​កាត់​ខេត្តស្ទឹងត្រែង​មាន​ប្រវែង​ប្រមាណ ៤៤៧ គីឡូម៉ែត្រ​។​

ខេត្តស្ទឹងត្រែង​មាន​ភូមិ​សរុប​ចំនួន ១២៨ ភូមិ ប្រជាពលរដ្ឋ​ប្រមាណ ៧០-៨០% រស់នៅ​តាម​ដង​ទន្លេ ដែល​ប្រភព​ទឹកទន្លេ​ទាំងនេះ​មាន​សារសំខាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ការរស់នៅ ការប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង ។ ក្រៅពីនេះ​ធនធាន​ត្រី គឺជា​ប្រភព​មាន​ផលប្រយោជន៍​ខ្លាំង​សម្រាប់​ការទទួល​ទាន​របស់​ប្រជាពលរដ្ឋ​។

មន្ត្រីជលផល​បាន​លើកឡើងថា ទិន្នផល​ត្រី​ចាប់បាន​ពី​ធម្មជាតិ​ប្រមាណ​ពី ៣-៧ តោន ដោយ​ត្រី​ខ្លះ​ដូចជា​ត្រី​ប៉ា​ស៊ី​អ៊ី មានតម្លៃ​ថ្លៃ​រហូតដល់​ទៅ ៥០ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

ជាថ្មី​ម្តងទៀត លោក ទុំ នី​រ៉ូ បាន​ក្រើន​រំលឹកថា វិស័យ​ជលផល​នៅ​ខេត្តស្ទឹងត្រែង គឺ​បាន​មកដល់​ចំណុច​ភ្លើង​លឿង​ទៅហើយ នេះ​មានន័យថា​ការចាប់​ត្រី​ពី​ធម្មជាតិ​ទាំង​ស្របច្បាប់ ទាំង​ល្មើសច្បាប់ គឺ​ហួស​កម្រិត​ដែល​អាច​ស្តុក​ធម្មជាតិ​អាច​ផ្គត់ផ្គង់​បាន​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​ការផ្គត់ផ្គង់​ត្រី​មិន​ត្រឹមតែ​ក្នុង​ខេត្តស្ទឹងត្រែង​ប៉ុណ្ណោះ​ទេ គឺ​បាន​នាំចេញ​ស្ទើរតែ ២៥ ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយសារ​តម្រូវការ​ត្រី​សាច់​នេះហើយ បានជា​មានការ​ប្រឹង​ចាប់​ត្រី​ពី​ដែន​ធម្មជាតិ​យ៉ាង​គគ្រឹកគគ្រេង ដែលជា​កត្តា​អាច​នាំ​ឲ្យ​មហន្តរាយ​ណ៍​ដល់​ដល់​ធនធាន​ជលផល​នៅ​ខេត្ត​នេះ​។​
​នៅ​ខេត្តស្ទឹងត្រែង មន្ត្រីជលផល​ដែលមាន​ការចូលរួម​គាំទ្រ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​សហគមន៍​មូលដ្ឋាន បាន​ខិតខំ​ការពារ និង​អភិរក្ស​ត្រី​មេ​ពូជ​ក្នុង​រដូវ​បិទ​នេសាទ​រៀងរាល់ឆ្នាំ បាន​យ៉ាង​ល្អ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។
​ជាមួយ​នោះ​ជំនាញ​ជលផល សូម​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ចូលរួម​ទប់ស្កាត់​បទល្មើស ដើម្បី​រក្សា​ផល​ត្រី​ឲ្យ​នៅ​គង់វង្ស សម្រាប់​បន្ត​និរន្តរភាព ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕​ដោយ​៖ សុខុម​

×