ភ្នំពេញ៖ បើតាមក្រសួងបរិស្ថាន បានផ្សាយថា នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានសហការចុះវាយតម្លៃការបង្រៀនសាកល្បង “ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ” នៅក្នុងវិទ្យាល័យមួយដើម្បីសិក្សាវាយតម្លៃពីបញ្ហាប្រឈម ការលំបាកនានា ព្រមទាំងបំពេញនូវចំណុចខ្វះចន្លោះដែលបាននិងកំពុងកើតមានក្នុងឯកសារមេរៀនស្តីពីការប្រែប្រួលអាកាសធាតុនេះ។
ការចុះវាយតម្លៃការបង្រៀនសាកល្បង រួមមាន វិទ្យាល័យហ៊ុនសែនស្ទឹងត្រែង និងវិទ្យាល័យព្រះគោ នៃខេត្តស្ទឹងត្រែង វិទ្យាល័យជាស៊ីមអង្គរជ័យ និងវិទ្យាល័យព្រះបិតាជាតិ នៃខេត្តកំពត វិទ្យាល័យហ៊ុនសែនទឹកផុស និងវិទ្យាល័យរលាប្អៀរ នៃខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០១៨។
សេចក្តីព្រាងមេរៀនទាំងនេះរួមមាន៖ សម្រាប់ថ្នាក់ទី១០មាន២មេរៀន គឺ សេចក្តីផ្តើមពីប្រព័ន្ធអាកាសធាតុភពផែនដី តុល្យភាពថាមពលភពផែនដី សម្រាប់ថ្នាក់ទី១១មាន៣មេរៀន គឺ ឥទ្ធិពលរបស់មនុស្សលើប្រព័ន្ធអាកាសធាតុ ភស្តុតាងនៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសម្រាប់ថ្នាក់ទី១២មាន២មេរៀន គឺ ការស្វែងយល់អំពីភាពងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំគាំទ្រឡើងពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) ក្នុងគោលបំណងជាយុទ្ធសាស្ត្រ “ដើម្បីលើកកម្ពស់ចំណេះដឹងមន្ត្រីផ្នែកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្សកម្រិតមធ្យមសិក្សា តាមរយៈការបញ្ជ្រាបមុខវិជ្ជាប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ”៕ ដោយ៖បញ្ញាស័ក្តិ