ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យសម្រេចឲ្យបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
បើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឧទ្យានជាតិសមុទ្រកោះរ៉ុង រួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២.៤៤៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុងនោះមានផ្ទៃដីទំហំ៥.៣១១ហិកតា និងផ្ទៃទឹកសមុទ្រទំហំ ៤៧.១៣៧ហិកតា ដូចមានផែនទីភ្ជាប់មកជាមួយ។
អនុក្រឹត្យនេះ មានគោលបំណងដូចតទៅ៖ ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។ ផ្ទៃដីអនុក្រឹត្យតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះមិនបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
បើតាមអនុក្រឹត្យនេះ ៖ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុង ដោយសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលដែនដីខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ក្រសួងបរិស្ថានត្រូវកំណត់ និងបែងចែកដើម្បីការកាត់ឆ្វៀលផ្ទៃដីវិនិយោគ ដីលំនៅដ្ឋាន ដីស្រែចម្ការ និងដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅលើកោះនានានៃឧទ្យានជាតិសមុទ្រកោះរ៉ុង ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕ ដោយ៖បញ្ញាស័ក្តិ
អនុក្រឹត្យនៃការបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុង៖