ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការជាមួយ ប៉ូលិសខណ្ឌទួលគោក បានធ្វើសកម្មភាព ដកហូតម៉ូតូចំនួន១១គ្រឿងនៅកុងស៊ីបញ្ចាំមួយកន្លែង ខណៈដែលកុងស៊ីបញ្ចាំនេះបានទទួលទិញម៉ូតូផលចោរកម្មពីជនសង្ស័យ ។
ការចុះឆែកឆេរនិងដកហូតម៉ូតូជាច្រើនគ្រឿងខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ ២០២០នេះ វេលាម៉ោង១០ និង ៣០នាទីនៅចំណុចផ្ទះលេខ៤C ផ្លូវ ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
លោក ប៊ុត សត្យា ប្រធានការិយាព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៨ កញ្ញា ប៉ុន្មានថ្ងៃកន្លងមកនេះ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើចោរកម្មលួចម៉ូតូចំនួនពីរគ្រឿងនៅខណ្ឌដូនពេញ ហើយក្រោយពីជនសង្ស័យសារភាពបញ្ជាក់ពីទីតាំងដែលពួកគេយកម៉ូតូមកបញ្ចាំនោះ ទើបកម្លាំងសមត្ថកិច្ចបន្តចុះមកធ្វើការឆែកឆេរនៅទីតាំងខាងលើ ព្រមទាំងដកហូតម៉ូតូបានចំនួន១១គ្រឿង
ដើម្បីបញ្ជូនទៅរក្សាទុកនៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕ដោយ៖មីដា ផាន់ណា