មហាអំណាចយោធា អាមេរិច និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទ ទី ១៦ ខែតុលានេះបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅតំបន់ទឹកជុំវិញឧបទ្វីបកូរ៉េ ទោះបីកូរ៉េខាងព្រមានសារជាថ្មីថានឹងវាយប្រហារកោះហ្គាមអាមេរិច។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន Reuters។
កប៉ាល់ជើងទឹកចំនួន ៤០មកពីប្រទេសទាំងពីរ ដោយរួមមានទាំងកប៉ាល់ផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan ក៍បានចូលរួមក្នុងសមយុទ្ធនេះផងដែរ។ សមយុទ្ធនៅសមុទ្រខាងលិច និងខាងកើតនៃឧបទ្វីបកូរ៉េនឹងអូសបន្លាសរហូតដល់ថ្ងៃទី ២០។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។
ប្រទេសកុម្មុនិស្តកូរ៉េខាងជើង បានហៅការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិច និងកូរ៉េខាងត្បូងថាជាការ ‘ហាត់សមដើម្បីធ្វើសង្គ្រាម’។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអាមេរិច Rex Tillerson បាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំបានណែនាំឲ្យរូបគាត់បន្តកិច្ចប្រឹងប្រែងផ្នែកការទូតតទៅទៀត ដើម្បីបន្ថយកម្តៅជាមួយកូរ៉េខាងជើង ដោយលោកលើកឡើងថា កិច្ចប្រឹងប្រែងការទូតទាំងនោះនឹងបន្តកើតមានរហូតទាល់តែទាល់តែមានការទំលាក់គ្រាប់បែកលើកដំបូង។
ភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី ៦របស់កូរ៉េខាងជើង។
បើតាមសមាជិករដ្ឋសភារុស្សីម្នាក់ដែលទើបតែត្រឡប់មកពីទស្សនៈកិច្ចនៅកូរ៉េខាងជើង បាននិយាយថា កូរ៉េខាងជើងកំពុងរៀបចំបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយ ដែលខ្លួនជឿជាក់ថាអាចមានសមត្ថភាពហោះដល់សមុទ្រខាងលិចរបស់អាមេរិច៕