Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ដាំ​ម្រេច​កំពត​មួយចំនួនធំ បង្ខំចិត្ត​បោះបង់ចោល​ការដាំ​ម្រេច ដោយសារ​ការអូសបន្លាយ​នៃ​ជំងឺ​កូ​វីដ​១៩ រាំងស្ទះ​ពិបាក​ដល់​លក់​ចេញ​

 

​ខេត្តកំពត​៖ ម្ចាស់​ចំការ​ម្រេច​ប្រមាណ​ជិត ៧០​កន្លែង ក្នុងចំណោម​ជាង ៤០០​កន្លែង​ក្នុង​ខេត្តកំពត បាន​បង្ខំចិត្ត​បោះបង់ចោល​ការដាំ​ម្រេច ព្រោះតែ​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ អូសបន្លាយ​យូរ​ផលិតផល​ធ្វើបាន ត្រូវ​រាំងស្ទះ​ពិបាក​ក្នុង​ការលក់​ចេញ​។​

​ចំការ​ម្រេច​ដែល​បង្ខំចិត្ត​បោះបង់​ទាំងនោះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​សមាគម​ម្រេច​កំពត ដោយហេតុ​ផល​ដែល​ពួកគាត់​មិន​បន្ត​អាជីវកម្ម​ធ្លាប់មាន​ជា​យូរលង់​មកហើយ​នោះ ដោយសារ​ជំងឺ​កូ​វីដ​១៩ បានអូសបន្លាយ​ជាច្រើន​ខែ​កន្លងមក ប្រធាន​សមាគម​ម្រេច​កំពត លោក ងួន ឡាយ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ ម្ចាស់​កសិដ្ឋាន ចំនួន ៦៨ កន្លែង បាន​បោះបង់ចោល​ការដាំ​ម្រេច ក៏ដូចជា​ការថែទាំ​ដំណាំ​របស់ខ្លួន​។

​លោក​បន្តថា សមាគម​ម្រេច​កំពត​គ្រប់គ្រង​កសិដ្ឋាន​ម្រេច​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប ៤៤៧​គ្រួសារ ជា​អ្នក​ផលិត និង​គ្របដណ្តប់​លើ​ផ្ទៃដី ២៩០​ហិកតា ក្នុងនោះ​មាន​ក្រុមហ៊ុន​កែច្នៃ​វេច​ខ្ចប់​សម្រាប់​នាំចេញ​ចំនួន​៣៧​។

​ប្រធាន​សមាគម​ម្រេច​កំពត​រូបនេះ បាន​បញ្ជាក់ថា នៅមាន​សមាជិកសមាគម​ជាច្រើន​ទៀត​កំពុង​ត្រៀម​បោះបង់​មុខរបរ​នេះ​ផងដែរ​។ ហេតុផល​ដែល​ពួកគាត់​មិន​បន្ត​អាជីវកម្ម​ធ្លាប់មាន​ជា​យូរលង់​មកហើយ​នោះ ព្រោះតែ​អំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ផលិតផល​ធ្វើបាន​ត្រូវ​រាំងស្ទះ​ពិបាក​ក្នុង​ការលក់​ចេញ​។

​លោក បានបញ្ជាក់​ទៀតថា ក្រៅពី​កត្តា​ទីផ្សារ ក្រុមហ៊ុន​ធំៗ​ដែល​បោះបង់​ការផលិត​ទាំងនោះ ជួប​បញ្ហា​បច្ចេកទេស​គ្រប់គ្រង ព្រោះ​ដើម្បី​ទទួលបាន​គុណភាព​ល្អ ម្រេច​កំពត មានការ​លំបាក​ក្នុង​ការផលិត​។ ហានិភ័យ​ទាំងនេះហើយ ទើប​ជំរុញ​ឱ្យ​ម្ចាស់​កសិដ្ឋាន​បោះបង់ចោល​នូវ​ការផលិត​។

​លោក ងួន ឡាយ បានបញ្ជាក់​បន្ថែមថា ជាទូទៅ​ក្នុងចំណោម​ម្រេច​ប្រមាណ ៧០​តោន ដែល​លក់​ចេញ​រៀងរាល់ឆ្នាំ គឺ​នាំ​ចេញទៅ​ក្រៅប្រទេស​តែ​រង្វង់ ៤០​តោន ឯ ៣០​តោន​ទៀត សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​ចូលមក​កម្សាន្ត​ទិញ​ដោយផ្ទាល់​ប៉ុណ្ណោះ​នៅ​ចំការ​។ ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ មិនមាន​ភ្ញៀវ​អន្តរជាតិ​ចូលមក​ដូច​បណ្តា​ឆ្នាំមុនៗ ទើប​ធ្វើឱ្យ​បរិមាណ​ម្រេច​លក់​ចេញ​មានការ​ថយចុះ​។​

​គួរ​បញ្ជាក់ថា បើតាម​ប្រធាន​សមាគម​ម្រេច​កំពត កាលពី​ឆ្នាំ​២០១៩ ម្រេច​ដែល​បាន​លក់​ចេញ​មាន​ចំនួន ៧២​តោន​។ ដោយឡែក​គិត​មកដល់​ចុងខែ​កញ្ញា ឆ្នាំ​២០២០ ការលក់​ចេញ​បាន​ប្រមាណ ៤៣​តោន ដែល​ភាគច្រើន​ជា​របស់​ក្រុមហ៊ុន​ធំៗ ផលិត និង​វេច​ខ្ចប់​ដោយ​ខ្លួនឯង​៕ ដោយ​៖CEN

×