ភ្នំពេញ៖ យោងតាមតួលេខ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបង្ហាញថា គ្រាន់តែនៅក្នុងខែកញ្ញា ឆ្នាំ២០២០នេះ មួយខែគត់ មានគម្រោងវិនិយោគថ្មីៗចំនួន១០ ត្រូវបាន CDC អនុម័តឱ្យដំណើរការវិនិយោគនៅកម្ពុជា ដែលមានទុនវិនិយោគសរុបជិត ៣៥លានដុល្លារ។
ការអនុម័តរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDCនេះ បានសម្រេច និងគាំទ្រទៅលើគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្មរោងចក្រកាត់ដេរ និង គ្រឿងអគ្គិសនី។
គម្រោងវិនិយោគថ្មីៗទាំង១០នោះ រួមមាន៖
១- ក្រុមហ៊ុន GLOBAL ASIA APPAREL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវអន្លង់គង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៨កន្លែង។
២- ក្រុមហ៊ុន SINODEX GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២០កន្លែង។
៣- ក្រុមហ៊ុន GOOD PLUS (CAMBODIA) MANUFACTURE CO.,LTD គម្រោងកាត់ដេរសម្លៀកបំពាក់ និងផលិតម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។
៤- ក្រុមហ៊ុន Biao Xin Sheng Packaging and Printing Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតតែមកង់ បោះពុម្ពក្រដាស់ និងសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។
៥- ក្រុមហ៊ុន Leadone International Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតផលិតផលផ្លាស្ទិក គ្រាប់ជ័រ និងស្បែកសិប្បនិម្មិតគ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។
៦- ក្រុមហ៊ុន New Phoenix Development Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រឿងបង្គុំអំពូល និងខ្សែភ្លើង, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៣០កន្លែង។
៧- ក្រុមហ៊ុន Simple Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២.១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
៨- ក្រុមហ៊ុន JIN XINSHENG (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព ទ្រនាប់កអាវ ស្កុត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម វៀលស៊ុន អគារ A ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៨នាក់។
៩- ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៨នាក់។
១០- ក្រុមហ៊ុន LOGWOOD APPAREL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ពេទ្យ និងម៉ាស់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨១៤កន្លែង៕
ដោយ៖CEN