ភ្នំពេញ៖ ស្ត្រីឈ្មោះ សំ សុខា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលបានយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែននិងសម្តេចពញាចក្រីហេង សំរិន ដែលត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើសអើង និង ជេរប្រមាថ និងចេញដីកាឲ្យតាមចាប់ខ្លួននោះ ត្រូវបានបញ្ជូនចូលពន្ធនាគារខេត្តកំពង់ស្ពឺហើយ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។
មន្ដ្រីនគរបាលបានបញ្ជាក់ថាការចាប់ខ្លួនជនត្រូវចោទរូបនេះបានធ្វើឡើងក្នុងទឹកដីកម្ពុជា ក្រោយពេលដែលជននេះ ត្រូវអាជ្ញាធរថៃបណ្តេញចេញពីទឹកដីរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៨កុម្ភៈ ។
លោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូនជនត្រូវចោទទៅកាន់ពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីដាក់ឃុំឃាំង តាមដីការបស់តុលាការ នៅវេលាម៉ោង១រសៀលថ្ងៃទី៩ខែកុម្ភៈនេះ។ នៅពេលនាំខ្លួនទៅកាន់ពន្ធនាគារនោះ គេសង្កេតឃើញមានសាច់ញាតិ និងមន្ត្រីរបស់ UN ប្រចាំនៅកម្ពុជា ទៅសួរសុខទុក្ខផងដែរ។
ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយលោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដោយ ដីកានេះបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ ញុះញង់ឲ្យមានការរើសអើង និង ជេរប្រមាថ ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ ដោយ៖បញ្ញាស័ក្តិ