ភ្នំពេញ៖ ក្រោមហេតុផលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ១៩ មានអតិថិជនជាង ២៧ ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ដែលចំនួននេះ បានបង្ហាញពីតួលេខធ្លាក់ចុះ។ នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ផល វ៉ាន់ឌី បានឱ្យដឹងថា ចំនួនអតិថិជនខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ប្រមាណជាង ២៨ម៉ឺននាក់ បានដាក់ពាក្យស្នើសុំការរៀបចំឥណទាន ឬ ប្រាក់កម្ចីឡើងវិញ ក្នុងចំណោមជាង ២៨ម៉ឺននាក់នោះ មានអតិថិជនជាង ២៧ ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់កម្ចីសរុប ១.២៧០លានដុល្លារ ដែលចំនួនអតិថិជនអ្នកស្នើសុំឥណទានឡើងវិញនេះ បានបង្ហាញពីតួលេខធ្លាក់ចុះគួរឲ្យកត់សម្គាល់។
លោក បានបញ្ជាក់ថា ចំនួនអតិថិជន មានការថយចុះច្រើន ក្នុង១សប្តាហ៍ មានអតិថិជនត្រឹមតែ ១ពាន់ នាក់ប៉ុណ្ណោះ បានដាក់ពាក្យស្នើសុំ ដែលនេះ ជាសញ្ញាវិជ្ជមានមួយ បង្ហាញថា អតិថិជន ដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ មានការថយថយចុះ និងជាសញ្ញាល្អ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ទាំងមូល។
បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ការរៀបចំឥណទានឡើងវិញ នៅតែបន្តរហូតដល់ចុង ឆ្នាំ២០២០ ស្របតាមសេចក្តី ប្រកាសរបស់ធនាគាជាតិ ប៉ុន្តែក្នុងរយៈពេល ២ខែ ចុងក្រោយនេះ ឃើញថា អតិថិជន បាន វិលមករកសភាពដើមស្ទើរតែទាំងស្រុង ជាពិសេសក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម និង អាជីវកម្មទូទៅ លើកលែងតែវិស័យទេសចរណ៍ប៉ុណ្ណោះ ដែលនៅតែបន្តរងផលប៉ះពាល់ខ្លាំងដដែល។
គិតត្រឹម ឆមាសទី១ ឆ្នាំ២០២០នេះ ប្រាក់កម្ចីសរុបរបស់មីក្រូហិរញ្ញវត្ថុកម្ពុជា មានរហូតដល់ ៧.២០០ លានដុល្លារ ជាមួយនឹង អតិថិជន ជាង ២,១ លាននាក់ ខណៈប្រាក់សន្សំក្នុងវិស័យនេះ មានរហូត ៣.៦០០ លានដុល្លារ ដោយក្នុងនោះមានចំនួនអ្នកសន្សំប្រាក់ប្រមាណ ២,៨លាន នាក់។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ក្នុគោលបំណងដើម្បីធានានូវភាពរុងរឿងនិងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបង្កើតបណ្តាញក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាលើកតម្កើងតម្លាភាព និងគាំពារអតិថិជននៅក្នុប្រទេសកម្ពុជា។
នៅប្រទេសកម្ពុជា មីក្រូហិរញ្ញវត្ថុ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសិទ្ធអំណាចស្ត្រីដែលជាមេគ្រួសារ តាមរយៈការផ្តល់ចំណេះដឹងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ យោងតាម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ៨០%នៃអតិថិជនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគឺកំពុងរស់នៅតំបន់ដាច់ស្រយ៉ាល និង៨០%នៃពួកគេគឺជាស្ត្រី។ មកដល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន១០១គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕
ដោយ៖CEN