ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា និងក្រុមហ៊ុនមិត្តហ្វូន បានប្រកាសជាផ្លូវការនៃគម្រោង ការដាក់ពង្រាយប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលា (SIS) ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។
ក្នុងវេទិកានេះបានកំណត់ជាអាទិភាពសម្រាប់សាលារៀនចំនួន១៥០ក្នុងដំណាក់កាលដំបូង។
ក្រុមហ៊ុនមិត្តហ្វូនមានកិត្តិយសដែលបានក្លាយជាក្រុមហ៊ុនតែមួយគត់ ក្នុងការអនុវត្តគម្រោងនេះសម្រាប់ក្រសួង។ ក្នុងឱកាសនេះផងដែរ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក៏បានបង្កើតគណៈកម្មាធិការគ្រប់គ្រង និងដាក់ពង្រាយប្រព័ន្ធSISសម្រាប់សាលារៀនដោយក្រសួងអប់រំ និងមិត្តហ្វូនមានគោលបំណងដាក់អោយប្រើប្រាស់ប្រព័ន្ធនេះ សម្រាប់សាលារៀនរហូតជាង ៣០០០ កន្លែងនៅទូទាំងប្រទេស។
គណៈកម្មាធិការនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនមិត្តហ្វូនថ្នាក់ដឹកនាំក្រសួង និង មន្ត្រីបច្ចេកទេសជាច្រើនរូបផងដែរ។ ព្រឹត្តិការណ៍នេះគឺជាជំហានបន្ទាប់ បន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡា រួមជាមួយក្រុមហ៊ុនមិត្តហ្វូនបានសហប្រតិបត្តិការតាមរយៈពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២០។ ដែលស្តីពីការដាក់ពង្រាយប្រព័ន្ធអប់រំបែបឌីជីថល និងដំណោះស្រាយតាមប្រព័ន្ធអេឡិចត្រូនិចរបស់រដ្ឋាភិបាល (e-Government) នៅក្រសួងអប់រំយុវជន និងកីឡា និងមន្ទីរគ្រប់ខេត្តក្រុង។
SISគឺជាដំណោះស្រាយមួយដែលមានភាពលេចធ្លោរបស់មិត្ដហ្វូន សម្រាប់វិស័យអប់រំដែលបានដាក់ឲ្យប្រើប្រាស់នៅតាមវិទ្យាល័យនានា នៅក្នុងខេត្តកណ្តាលនិង ខេត្តសៀមរាប។ SIS អនុញ្ញាតឱ្យគ្រូបង្រៀនពិនិត្យនិងបញ្ចូលវត្តមានរបស់សិស្ស និងការដាក់ពិន្ទុរបស់ពួកគេនៅក្នុងប្រវត្តិរូបអេឡិចត្រូនិកផ្ទាល់ខ្លួន ការគ្រប់គ្រងពេលវេលាសិក្សា ការបញ្ចូលពិន្ទុនៃលទ្ធផលប្រឡង ការគ្រប់គ្រងថ្នាក់រៀន ។
លើសពីនេះទៅទៀតគឺអាចមើល និងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ហើយក៏អាចផ្ញើចេញ ឬ ធ្វើការជូនដំណឹងដល់សិស្ស និង ឪពុកម្តាយរបស់ពួកគេផងដែរ។ ម្យ៉ាងវិញទៀតសិស្ស និងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលវត្តមានកាលវិភាគព័ត៌មានលំអិត នៃតម្លៃថ្លៃសេវាកម្មនិងកាលបរិច្ឆេទប្រឡងផងដែរ។ ពួកគេអាចតាមដានការសិក្សាកូនៗរបស់ពួកគេគ្រប់ពេលវេលា និងទទួលបានការជូនដំណឹងពីលោកគ្រូអ្នកគ្រូហើយអាចបញ្ជូនសំណូមពរទៅសាលារៀនបានផងដែរ។
រាល់សកម្មភាពទាំងនេះនឹងត្រូវបានប្រតិបត្តិយ៉ាងងាយស្រួលបំផុតតាមរយៈស្មាតហ្វូន ឬកុំព្យូទ័រ។បន្ទាប់ពីទទួលបានជោគជ័យនៃការសាកល្បងនៅតាមសាលាចំនួន២រួចមក ក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់ពីសារៈសំខាន់នៃគម្រោងនេះក្នុងវិស័យអប់រំតាមបែបឌីជីថលនិងការលើកកម្ពស់ចំណេះដឹងនិងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់សិស្សានុសិស្សនៅកម្ពុជា។
ក្រសួងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមិត្តហ្វូនអនុវត្តន៍ នូវដំណោះស្រាយនេះឱ្យបានទូលំទូលាយ ដល់សាលារៀនដទៃទៀតក៏ដូចជា បង្កើតគណៈកម្មាធិការដឹកនាំគ្រប់គ្រងការដាក់ពង្រាយ និងតាមដានប្រសិទ្ធភាពនៃប្រព័ន្ធនេះក្នុងពេលដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេស។ គណៈកម្មាធិការនឹងមានទំនួលខុសត្រូវពេញលេញ លើការដឹកនាំនិងសម្របសម្រួលធនធានទាំងអស់ ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យ។
ថ្លែងសេចក្តីប្រកាសនៅក្នុងកម្មវិធី បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ហង់ ជួនណារ៉ុនបានបញ្ជាក់ថា៖ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា ដែលជួយឱ្យថ្នាក់ដឹកនាំសាលាងាយស្រួលគ្រប់គ្រងព័ត៌មាន នៃការសិក្សារបស់សិស្សនៅក្នុងយុគសម័យឌីជីថលនេះ។ ឥឡូវនេះយើងកំពុងដាក់ពង្រាយប្រព័ន្ធនេះទៅសាលារៀនចំនួន១៥០នៅឆ្នាំនេះ ហើយនឹងពង្រីកដល់សាលារៀនជាង៣.០០០កន្លែងទៀតនៅឆ្នាំក្រោយ។ ជាមួយមិត្តហ្វូនយើងរំពឹងទុកយ៉ាងមុតមាំថានឹងពង្រឹងវិស័យអប់រំ និងអនុវត្តគម្រោងនេះដោយជោគជ័យ”។
ជាការឆ្លើយតបលោកហ្វុងវ៉ាន់គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីដែលបានជ្រើសរើសយកក្រុមហ៊ុនមិត្តហ្វូន ជាដៃគូសម្រាប់អនុវត្តន៍គម្រោងនេះ។លោកបានមានប្រសាសន៍ថា ”វាជាកិត្តិយសណាស់ដែលឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី និងក្រសួងអប់រំបានជ្រើសរើសក្រុមហ៊ុនមិត្តហ្វូនជាដៃគូតែមួយគត់ ក្នុងការអនុវត្តប្រព័ន្ធ SISសម្រាប់សាលារៀន។យើងប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបញ្ចប់គម្រោងតាមពេលវេលាដែលបានកំណត់ និងនាំមកនូវគុណប្រយោជន៍នៃប្រព័ន្ធដ៍ល្អនេះដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
លោកបានបន្ថែមទៀតថា “មិនត្រឹមតែSISទេគឺមិត្តហ្វូននឹងបញ្ចូលនូវទម្រង់អេឡិចត្រូនិច ជាបន្តបន្ទាប់ទៀតរួមមាន e-Learning,eLibrary,-DigitalBookដើម្បីអនុវត្តបម្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយមួយនេះ។ ក្រៅពីនេះមិត្ដហ្វូនក៏បានសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យាក្នុងការអនុវត្តប្រព័ន្ធស្នូល នៃវិស័យអប់រំដែលអាចជួយសម្រួលដល់ក្រសួង និងមន្ទីរនានាគ្រប់គ្រងក្នុងប្រតិបត្តិការរបស់ខ្លួនយ៉ាងហ្មត់ចត់”៕
ដោយ៖CEN