ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានចេញផ្សាយព័ត៌មានថា នៅព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាលក្រសួងការពារជាតិ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់សិក្ខាកាម វគ្គរដ្ឋបាល និងឋានលេខាឆ្នាំ២០២០ នៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការក្រសួងការពារជាតិ ។
ឧត្តមសេនីយ៍ទោ ខៀវ ប៊ុនធឿន នាយកមជ្ឈមណ្ឌលការងាររដ្ឋបាលនៃ ខ.ភ.ម បានបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល៩ខែដើមឆ្នាំ២០២០ ការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងធនធាន មនុស្សស្របតាមការកែទម្រង់របស់ ខ.ភ.ម.ដែលជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម រស្មី បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្នុងមជ្ឈមណ្ឌលទាំងអស់ ដែលបានគ្រប់គ្រង និងហ្វឹកហ្វឺនដល់សិក្ខាកាមដែលជាធនធានមនុស្សក្នុងខ.ភ.ម មិនអាចខ្វះ ដើម្បីការងារក្នុងអង្គភាពនីមួយៗ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម រស្មី ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរព វិន័យឱ្យបានល្អ និងហាមដាច់ ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា គឺត្រូវចូលរួមស្កាត់រាល់សកម្មភាពផ្សេងៗ ដែលប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ ត្រូវទប់ស្កាត់ឱ្យបានដាច់ខាតរាល់ សកម្មភាពហើយដែលបង្កការបំផ្លិចបំផ្លាញ ក្នុងសង្គមឱ្យបានដាច់ខាតផងដែរ៕ដោយ៖CEN