តាកែវ៖លោក អគ្គទេសាភិបាលនៃ កម្ពុជា បានចាត់ទុកការសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មីសាខា ធនាគារជាតិ នៃ កម្ពុជា ខេត្តតាកែវថា ជាអគារទំនើបសម័យថ្មី មួយដែលដំណើរការដោយ ប្រព័ន្ធ បច្ចេកវិទ្យា ជាន់ខ្ពស់ និង មានប្រព័ន្ធការពារសន្តិសុខកម្រិតខ្ពស់។
អគារនឹងរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជាឲ្យកាន់តែរីកចម្រើនទទួលបានការគាំទ្រនិងកាន់តែទទួលបានការជឿទុកចិត្តខ្លាំងថែមទៀតពីធារណជនជាតិនិងអន្តរជាតិមកលើវិស័យធនាគារនៅកម្ពុជា។
លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារ ជាតិ នៃ កម្ពុជា បានថ្លែងថា ក្នុងរយះពេល២០ឆ្នាំបន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញធនាគារជាតិនៃកម្ពុជា មានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា ពិសេសបានអនុវត្តយ៉ាងពេញលេញនូវមុខ ងារភារកិច្ចរបស់ខ្លួនស្របតាមច្បាប់។
ដោយឡែកសម្រាប់សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវវិញ នៅពេលនេះបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មជា÷បេឡារបស់រតនាគារជាតិ,ជាធនាគាររបស់ធនាគារ,ជាអ្នកបែងចែកគ្រប់គ្រងនិងសម្រួលដល់ចរាចរធនបត្រទូទាំងប្រទេស និងជាឃ្លាំងទុកទ្រព្យសម្បត្តិរដ្ឋប្រកបដោយសុវត្ថុភាពបំផុត។
លោ អគ្គទេសាភិបាល ជា ចាន់តូបានឲ្យដឹងដែរថា៖ «ការរីកចម្រើននៃអគារធនាគារជាតិនៃកម្ពុជាក្នុងនោះ រួមសាខាខេត្តតាកែវផងដែបានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ,កាជំនឿទុកចិត្តលើប្រាក់រៀលព្រមទាំងជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រីជាប្រមុខក្នុងការរក្សានូវសន្តិភាព ស្ថេរភាពនយោបាយនិងវឌ្ឍនភាព។ ហើយនៅក្នុងរយះពេល២០ឆ្នាំចុងក្រោយដែរនេះ វិស័យធនាគារគឺមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់ សម្គាល់ទាំងទំហំប្រតិបត្តិការនិងវិសាលភាព»។
ជាក់ស្ដែងទ្រព្យសកម្មនៃវិស័យនេះបានកើនឡើងចំនួន ១៤៨ដងក្នុងនោះឥណទានបានកើនឡើងចំនួន២៨៤ដង, ប្រាក់បញ្ញើកើនចំនួន ១៨៧ដងហើយបច្ចប្បន្ននេះប្រជាជនពេញវ័យនៅកម្ពុជាប្រមាណជាង៧០% ទទួលបានសេវាហិរញ្ញវត្ថុ។
លោក អគ្គទេសាភិបាល ជា ចាន់តូ នូវបានចាត់ទុកអគារថ្មីសាខាធនាគារជាតិ នៃកម្ពុជាខេត្តតាកែវថាជាសមិទ្ធផលរបស់សង្គមថ្មីមួយទៀតសម្រាប់តែប្រជាពលរដ្ឋក៏ដូចអាជ្ញាធរខេត្តសម្រាប់ប្រើប្រាស់បុណ្ណោះទេ នូវរួមចំណែកបង្កើនសោភ័ណភាពក្រុងដូនកែវ ឲ្យកាន់តែស្រស់ស្អាតមួយកម្រិតបន្ថែមទៀត និងបានចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តតាកែវ ឲ្យកាន់តែរីកចម្រើនស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែននោះទៀតផង។
សូមបញ្ជាក់ថា អគារថ្មី សាខាធនាគារជាតិខេត្តតាកែវនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៨កុម្ភៈឆ្នាំ២០១៩ និងបញ្ចប់នៅថ្ងៃទី២០ខែ មេសាឆ្នាំ២០២០។ អគារនេះសង់លើផ្ទៃដីជាង៥ ៣៧២ម៉ែត្រមានបណ្ដោយ២៨ម៉ែត្រទទឹង២៦ម៉ែត្រសង់តាម រចនាបថជំនាន់ខ្មែរ បារាំង ៕
ដោយ៖CEN