ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនអ៊ី-ម៉ាន់នី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដាយ អ៊ិឈិ ឡាយហ្វ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូក្នុងវិស័យទូរគមនាគមន៍ សេវាកម្មធានារ៉ាប់រងអាយុជីវិត និងសេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិច។ នេះក៏ជាការអនុលោមតាមនៃការតម្រង់ទិសរបស់មិត្តហ្វូនលើការបង្កើត និងតភ្ជាប់សង្គមឌីជីថល។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន លោក ហ្វាម ដន គឿង នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់ និងលោក អាឡែន ថៃ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដាយ អ៊ិឈិ ឡាយហ្វ៍។ ក្រុមហ៊ុនទាំង 3 មានគោលបំណងផ្តល់ជូននូវបទពិសោធល្អប្រសើរ សម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងទាញយកអត្ថប្រយោជន៍ពីជីវិតឌីជីថល។
គោលបំណងនៃអនុស្សរណៈនេះគឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនទូទាត់លុយអេឡិចត្រូនិច និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា។ អាស្រ័យហេតុនេះ ភាគីទាំង 3 នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ នៅក្នុងនោះក្រុមហ៊ុនមិត្តហ្វូននឹងផ្តល់ជូននូវសេវាកម្មទូរស័ព្ទ Hotline សេវាកម្មអ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និងសេវាកម្មជាច្រើនទៀត ជាមួយនឹងអត្រាតម្លៃ និងសេវាកម្មល្អ។
លើសពីនេះ ក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្គត់ផ្គង់ការប្រមូលថ្លៃសេវាធានារ៉ាប់រងដែលអតិថិជនដាយ អ៊ិឈិ ឡាយហ្វ៍ បង់ឲ្យតាមរយៈគណនីអ៊ី-ម៉ាន់នី ឬគណនីទូរស័ព្ទចល័ត។ អ៊ី-ម៉ាន់នីអាចផ្តល់សេវាកម្មបង់ប្រាក់ដល់ដាយ អ៊ិឈិ ឡាយហ្វ៍ ដើម្បីឱ្យក្រុមហ៊ុននេះទូទាត់សំណងដល់អតិថិជនរបស់ខ្លួនបានយ៉ាងលឿនរហ័ស បន្ថែមពីនេះទៅទៀត ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងទទួលបានការផ្សាយពាណិជ្ជកម្មនៃសេវាកម្មធានារ៉ាប់រងរបស់ខ្លួនលើកម្មវិធីអ៊ី-ម៉ាន់នី និង MyMetfone App ផងដែរ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ “ជាមួយទស្សនវិស័យរបស់យើងជាប្រតិបត្តិករ «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» យើងទទួលស្គាល់នូវបញ្ហាប្រឈមរបស់អតិថិជនដែលកំពុងប្រើសេវាធានារ៉ាប់រងទាំងអស់ ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដោយសារការអនុវត្តនិន្នាការគម្លាតឆ្ងាយពីសង្គម ពួកគេតែងតែស្វែងរកមធ្យោបាយដែលមានសុវត្ថិភាព និងងាយស្រួលក្នុងការទទួលសេវាកម្មធានារ៉ាប់រង។ ដូច្នេះមិត្តហ្វូន និងអ៊ី-ម៉ាន់នីបានបង្កើតវិធីទូទាត់តាមអ៊ីនធឺណិត និងអនុញ្ញាតឱ្យអតិថិជនទាំងអស់ទទួលបានជាមួយនឹងព័ត៌មានធានារ៉ាប់រង និងដំបូន្មានការការពារផ្សេងៗផងដែរ។”
លោកបានបន្ថែមទៀតថា៖ “កិច្ចសហប្រតិបត្តិការនេះគឺជាការបើកផ្លូវថ្មីមួយទៀតនៃការទូទាត់ប្រាក់លើសេវាកម្មធានារ៉ាប់រងអាយុជីវិត ហើយនេះក៏ជាជំហានបន្ទាប់នៃការវិវត្តសង្គមឌីជីថលរបស់យើងដោយធានាចំពោះ ដាយ អ៊ិឈិ ឡាយហ្វ៍ ថាមិត្តហ្វូន និងអ៊ី-ម៉ាន់នីពិតជាមានបច្ចេកវិជ្ជាទំនើបដើម្បីបម្រើអតិថិជន ផ្តល់ភាពសុខសាន្ត ជួយពួកគេឱ្យមានសុខភាពល្អ និងផាសុកភាពនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។
លោក អាឡែន ថៃ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដាយ អ៊ិឈិ ឡាយហ្វ៍ បានស្វាគមន៍ចំពោះភាពជាដៃគូនេះ។ លោកបានមានប្រសាសន៍ថា៖ “ជាមួយនឹងសេវាគ្របដណ្តប់ទូលំទូលាយរួមទាំងបច្ចេកវិជ្ជាឈានមុខគេពីក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី ភាពជាដៃគូនេះនឹងជួយឱ្យដាយ អ៊ិឈិ ឡាយហ្វ៍ចែកចាយនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃសមរម្យ និងមានការប្រកួតប្រជែងដល់អតិថិជន ៩ លាននាក់នៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ថា ជាមួយនឹងជំនាញរៀងៗខ្លួន និងការប្តេជ្ញាចិត្តខ្ពស់របស់ពួកយើង យើងនឹងអាចធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖CEN