ភ្នំពេញ៖ សាកលលោក បានដឹងរួចហើយថា អចលនទ្រព្យពិភពលោក បានប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិ Covid-19 ។ ប៉ុន្តែកម្ពុជា ហាក់មានភាពធូរស្រាលជាងបណ្តាប្រទេសដទៃ ខណៈសកម្មភាពទិញលក់ និងអភិវឌ្ឍក្នុងស្រុក នៅតែបន្តមមាញឹក។ ហើយសម្រាប់ឆ្នាំ ២០២១ ខាងមុខនេះ អ្នកជំនាញអចលនទ្រព្យ បានព្យាករណ៍ថា អាចនឹងមានភាពកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត។
អ្នកជំនាញ បានអះអាងថា ប្រសិនបើជំងឺ Covid-19 ត្រូវបានលុបបំបាត់ជាសកល កម្ពុជាអាចនឹងទាក់ទាញវិនិយោគិនពីក្រៅស្រុកឱ្យចូលមកក្នុងប្រទេសបានច្រើន។ ក្នុងនោះ វិនិយោគិនចិន និងប្រទេសផ្សេងៗទៀត និងចូលមកកម្ពុជាសាជាថ្មី ហើយចលនាទិញ-លក់អចលនទ្រព្យនឹងកក្រើកឡើងវិញ។
ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានសកម្មភាព ជាពិសេស អតិថិជនក្នុងស្រុកនៅតែបន្តទិញ-លក់ គ្រាន់តែវាមិនច្រើនប៉ុណ្ណោះ។ ហើយសម្រាប់លោកផ្ទាល់យល់ឃើញថា ឆ្នាំ២០២១ខាងមុខនេះ ហាក់នៅមានភាពស្រពេចស្រពិលនៅឡើយ សម្រាប់ព្យាករណ៍ ដោយសារតែការលុបបំបាត់ជំងឺកូវីដ១៩ មិនទាន់ប្រាកដប្រជានៅឡើយ។
គួរបញ្ជាក់ថា សម្រាប់វិស័យអចលនទ្រព្យឆ្នាំ២០២១ ត្រូវបានអ្នកជំនាញព្យាករណ៍ថា បើសិនជាជំងឺរាតត្បាតកូវីដ១៩ ផុតរលត់ នោះអ្វីៗវានឹងប្រសើរឡើងវិញ ប៉ុន្តែប្រសិនបើ វានៅមាន ហើយអូសបន្លាយពេលយូទៀត នោះស្ថានភាព នឹងមិនខុសគ្នាពីឆ្នាំ២០២០នេះឡើយ៕
ដោយ៖CEN