ភ្នំពេញ៖យុវជនម្នាក់ដែលជាអ្នកបើកម៉ូតូសណ្តោងរឺម៉កដឹកតុ ត្រូវបានរថយន្តកូរ៉េបើកបុកចំពីមុខពេញទំហឹង និងកិនពីលើបណ្តោយឲ្យស្លាប់ភ្លាមៗ ចំណែកជនបង្កបានរត់គេចខ្លួនបាត់ស្រមោល សល់តែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១២និង៥០នាទី នៅថ្ងែទី៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចទល់មុខនឹងការដ្ឋានមួយកន្លែង នៅតាមបណ្តោយផ្លូវថៃហ្គ័រ
ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បានបើកម៉ូតូសណ្តោងរឺម៉កដឹកតុ ពាក់ផ្លាកលេខ ភ្នំពេញ1BF 0580 បានធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តកូរ៉េបុកពេញទំហឹងបណ្តោលឲ្យស្លាប់ភ្លាមៗតែម្តង ចំណែកឯជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។ រថយន្តបង្កពាក់ផ្លាកលេខ
ភ្នំពេញ 3A 0632 បើកបរក្នុងទិសដៅពីកើតទៅលិចក៏បានបុកចំពីមុខពេញទំហឹង បណ្តោលឲ្យស្លាប់ភ្លាមៗ បើកបរដោយជនមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន ហើយជនបង្កបានរត់គេចខ្លួន ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង ហើយយកម៉ូតូ និងរថយន្តទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដោយទ្បែកសពជនរងគ្រោះ បានប្រគល់ឲ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕ដោយ៖ មីដា