ភ្នំពេញ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ នៅផ្ទះសំណាក់(លិនណាអង្គរ) ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្កុល នៅលើទ្រូងជនរងគ្រោះ ដេកឱបរូបថតស្រីស្នេហ៍ម្នាក់ និងសម្បកថ្នាំពេទ្យ៣បន្ទះនៅក្បែរខ្លួន ។
តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់ (លិនណាអង្គរ )បានឲ្យដឹងថា ជនរងគ្រោះបានជួលបន្ទប់ដេកជាន់ទី១ សម្រាកតាំងពីល្ងាចថ្ងៃទី៨ ខែតុលា ម្សិលមិញ ជួលដេកសម្រាក១ថ្ងែ លុះដល់វេលាម៉ោង២រសៀល ថ្ងែទី៩ ទៅហើយមិនឃើញចេញ ព្រោះថាដល់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារ ឡើងទៅគោះទ្វារហៅមិនឮសូរឆ្លើយ ចាក់សោបើកមើល ទើបប្រទះឃើញជនរងគ្រោះដេកប្រកាច់ សន្លប់បែកពពុះមាត់ ហើយរាយការណ៍ទៅសមត្ថកិច្ច ស្នើសុំរថយន្តសង្គ្រោះ ដឹកជនរងគ្រោះយកទៅសង្គ្រោះឯមន្ទីរពេទ្យ ។
តែបើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ជនរងគ្រោះ ជួលបន្ទប់ផ្ទះសំណាក់ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយ តែខាងស្រីមិនព្រម ទើបកើតក្តីមួរម៉ៅ តូចចិត្តលេបថ្នាំ ប៉ុនប៉ងសម្លាប់ខ្លួន និងរកចងក តែមិនបានសម្រេច គេឃើញទាន់ ។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាពកងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ដើម្បីជួយសង្គ្រោះ៕ដោយ៖មីដា