Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ឃាតករ​ម្នាក់ ដែល​មក​ពួន​ក្នុង​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង​៖​ជនដៃដល់​ម្នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ កាលពី​កន្លងទៅ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​តាម​ចាប់ខ្លួន ដល់​ខេត្តស្ទឹងត្រែង កាលពី​យប់​ថ្ងៃទី ១០ ខែតុលា​ឆ្នាំ ២០២០​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រតិបត្តិ​ការចាប់​ឃាតករ​ម្នាក់​មក​លាក់ខ្លួន​នៅ​ចំណុច​អូរ​ខ្លុង​គីឡូម៉ែត្រ​លេខ ៩ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​ឃាតករ​ឈ្មោះ​ផល បញ្ញា អាយុ ៣១ ឆ្នាំ បានសម្លាប់​ជនរងគ្រោះ​ឈ្មោះ​ហន ចាន់​រស្មី ដោយ​ប្រើ​ញញួរ​ដែក វាយ​ចំក្បាល​សៀតផ្កា និង​ផ្នែក​ខាងក្រោយ​នៃ​ក្បាល បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​
ជនដៃដល់​សម្លាប់​មនុ​ស្សរួច បានគេច​ខ្លួន​មក​រស់នៅ​ខេត្តស្ទឹងត្រែង​មួយរយៈ​ខ្លី​។ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​នោះ​កើតឡើង​ដោយសារ​ជនសង្ស័យ ខឹង​នឹង​ជនរងគ្រោះ​ជេរប្រមាថ មានគំនិត​គំកួន​រហូត​ឈានដល់​សម្លាប់ ហើយ​រត់គេចខ្លួន​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​រហូត​ឈានដល់​ចាប់ខ្លួន​យកទៅ​ផ្ដន្ទាទោស​។​

​លោក​ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ ក្រោយ​កើតហេតុ នៅពេល​ដឹង​ព័ត៌មាន​ថា ជនសង្ស័យ​បានមក​ពួន នៅ​ទឹកដី​ខេត្តស្ទឹងត្រែង ក្រោយ​ធ្វើ​សកម្មភាព​រួច​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ។​

លោក​ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​សហការ​ជាមួយ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អយ្យការ​សាលាដំបូង​ខេត្តស្ទឹងត្រែង ទើប​ឃាត់ខ្លួន​ឃាតករ​បាន​ទាំងយប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អូ​ខ្លុង គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។​

​លោក​ដួង ស៉ី​វុត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា នេះ​ជា​អំពើ​ឃាតកម្ម គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ហើយ​ឃាតករ​ដែលជា​ជនដៃដល់​នោះ ក្រោយ​ធ្វើ​សកម្មភាព​បាន​រត់គេច​មក​ពួន​នៅ​ចំណុច​ខាងលើ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត ដោយមាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​អយ្យការ​សាលាដំបូង​ខេត្ត ទើប​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។

​លោក​បន្តថា ក្រោយមក​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ បាន​នាំ​ជនសង្ស័យ​ទៅ​រាជធានី​ភ្នំពេញ​វិញ​ទាំងយប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​សុខុម​

×