Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ចាប់ផ្តើម​ដាក់​ដំណើរការ​កម្មវិធី​ឌីជីថល “Pulse ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​” ដើម្បី​ឲ្យ​អតិថិជន ទាញយក​ព័ត៌មាន​នៃ​បណ្ណ​សន្យា​រ៉ាប់រង និង​មាតិកា​សុខភាព​សំខាន់ៗ យ៉ាង​ងាយស្រួល គ្រប់ពេលវេលា គ្រប់​ទីកន្លែង​

​ភ្នំពេញ កម្ពុជា ថ្ងៃទី ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បានដាក់​ចេញ​នូវ​កម្មវិធី​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​បច្ចេកវិទ្យា AI ដែលមាន​ឈ្មោះថា “Pulse ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​” ដែល​ហៅ​ដោយ​ខ្លី​ថា Pulse ដើម្បី​បំពេញតម្រូវការ​ដល់​អ្ន​ក​ប្រើប្រាស់​ទាំងអស់​ក្នុង​ការត្រួត​ពិនិត្យមើល​ព័ត៌មាន​បណ្ណ​សន្យា​រ៉ាប់រង​របស់​ពួកគាត់​គ្រប់ពេលវេលា រួមទាំង​អត្ថបទ​ល្អៗ​មួយចំនួនទៀត ដែល​ទាក់ទង​ជាមួយនឹង​សុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជា​សុខមាលភាព​ផ្លូវចិត្ត​។ អ្នកប្រើប្រាស់​កម្មវិធី Pulse ក៏​អាច​ចូលរួម​ជាមួយ​សហគម​ន៍​សុខភាព (Health Communities) ដើម្បី​ផ្លាស់ប្តូរ​គំនិត និង​គន្លឹះ​ក្នុងការ​ហាត់ប្រាណ​ដូចជា​ការរត់ និង​ជិះ​កង់​ផងដែរ​។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់​ក៏​អាច​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ដើម្បី​សុខភាព​ដោយ​ភ្ជាប់​ឧបករណ៍​ឆ្លាត​វៃ​របស់​ពួកគេ​ទៅនឹង​កម្មវិធី​។​

​លោក Sanjay Chakrabarty អគ្គនាយក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា “​នៅ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល គោលបំណង​របស់​យើង​គឺ​ដើម្បី​ជួយ​ដល់​ជីវិត​បុគ្គល​ម្នាក់ៗ​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​បំផុត​។ នៅ​ដំណាក់កាល​ដំបូង​នៃ​ការដាក់​ដំណើរការ​កម្មវិធី Pulse យើង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បំពេញតម្រូវការ​ធានារ៉ាប់រង​របស់​អតិថិជន​របស់​យើង ដោយ​ជួយ​ឲ្យ​ពួកគាត់​អាច​គ្រប់គ្រង​បណ្ណ​សន្យា​រ៉ាប់រង​ប្រកប ដោយ​ភាពងាយស្រួល ជាមួយនឹង​ភាពកក់ក្ដៅ​ពី​ផ្ទះ​របស់​ពួកគាត់​”​។​

​លោក Sanjay ក៏បាន​បន្ថែមទៀតថា “Pulse គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូទាំង​តំបន់​របស់​ព្រូ​ដិ​នស​ល ដើម្បី​ធ្វើឱ្យ​ការថែទាំ​សុខភាព​កាន់តែ​មានតម្លៃ​សមរម្យ​និង​អាច​ប្រើប្រាស់​បាន​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ឈានមុខ​គេ យើង​កំពុងធ្វើការ​ពង្រីក​បន្ថែ​ម​ទៀត​នូវ​ការផ្តល់​ការការពារ​ស្នូល​របស់​យើង​ដើម្បី​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការជួយ​ប្រជាជន​បង្ការ និង​ពន្យារពេល​ការចាប់ផ្តើម​នៃ​ជំងឺ​។ យើង​កំពុងធ្វើការ​ជាមួយ​អ្នកពាក់ព័ន្ធ​ជាច្រើន​ដើម្បី​នាំយក​ចក្ខុ​វិស័យនេះ​មកកាន់​ប្រទេស​កម្ពុជា និង​ពង្រីក​ការផ្តល់ជូន​របស់​យើង​នៅលើ Pulse ដើម្បី​បម្រើ​ដល់​ប្រជាជន​ជាច្រើន​ទៀត​នៅ​ទូទាំងប្រទេស​។​

​យើង​អាចធ្វើ​ការទាញយក​កម្ម​វិធី Pulse មកប្រើប្រាស់​បាន​ដោយ​ឥតគិតថ្លៃ​ពី Apple Store និង Google Play ។ កម្មវិធី Pulse ផ្តល់ជូន​អ្នកប្រើប្រាស់​ក្នុងការ​ទទួលបាន​ឧបករណ៍​ជំនួយ​ផ្ទាល់ខ្លួន​ដ៏​ទូលំទូលាយ និង​ព័ត៌មាន​អំពី​សុខភាព​ជាក់ស្តែង​ភ្លាមៗ​។ ខាងក្រោម​គឺជា​មុខងារ​សំខាន់ៗ​ដែលមាន​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការដាក់​ដំណើរការ​កម្មវិធី ​៖

• ព័ត៌មាន​អំពី​បណ្ណ​សន្យា​រ៉ាប់រង – អ្នកប្រើប្រាស់​អាច​ចូល​មើល​បណ្ណ​សន្យា​រ៉ាប់រង​របស់​ពួកគេ​ដោយ​ចុច​ត្រឹម​តែមួយ​ភ្លែត​ប៉ុណ្ណោះ​។​

•​ ​ផែនទី​ស្វែងរក​មន្ទីរពេទ្យ – ជា​ផែនទី​អន្តរ​កម្ម​មួយ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​មើលឃើញ​យ៉ាង​ងាយស្រួល ថា​តើ​មន្ទីរ​សំរាក​ព្យាបាល និង​មន្ទីរពេទ្យ​ដែល​ទទួលស្គាល់​ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ណាមួយ​ដែល​នៅ​ជិត​ពួកគេ​។ អ្នកប្រើប្រាស់​អាច​មើល​ព័ត៌មាន​លម្អិត​របស់​អ្នកផ្តល់​សេវា​សុខាភិបាល (​ឧទាហរណ៍​អាសយដ្ឋាន និង​ព័ត៌មាន​ទំនាក់ទំនង​) ហើយ​អ្នក​អាច​ទូរស័ព្ទ​ទៅ​ផ្ទាល់ ឬ​ប្រើប្រាស់​ផែនទី​ដើម្បី​ចូលទៅ​កាន់​មន្ទីរពេទ្យ ឬ​គ្លីនិក​ដែល​បានជ្រើសរើស​។​

•​ ​ស​ន្ទ​ស្សន៍​ម៉ាស់​រាងកាយ (BMI) និង​ស​ន្ទ​ស្សន៍​ស្នាម​ជ្រីវជ្រួញ – តាមរយៈ​មុខងារ​ស​ន្ទ​ស្សន៍​ម៉ាស់​រាងកាយ (BMI) និង​មុខងារ​ស​ន្ទ​ស្សន៍​ស្នាម​ជ្រាវ​ជ្រួញ​ដោយ​បច្ចេកវិទ្យា AI អ្នកប្រើប្រាស់​អាច​យល់ដឹង​ពី​កម្រិត​ខ្លាញ់​ក្នុង​រាងកាយ ភាព​ចាស់ រួមបញ្ចូល​ជាមួយនឹង​រង្វាស់​សុខភាព​របៀប​រស់នៅ​ផ្សេងៗ​ទៀត តាមរយៈ​ការថតរូប​ដោយ​ខ្លួនឯង (Selfie)​។ ជាមួយនឹង​មុខងារ​ដែល​ត្រូវបាន​វិវឌ្ឍន៍​មិន​ឈប់ឈរ ដូចជា​ការដាក់​ពិន្ទុ​ទៅលើ​កម្រិត​នៃ​ភាព​ជ្រីវជ្រួញ លោកអ្នក​អាច​ប្រើប្រាស់​លទ្ធផល​នេះ ក្នុង​ការរៀបចំ​កម្មវិធី​ប្រចាំថ្ងៃ ដើម្បី​បង្ការ​ហានិភ័យ​មួយចំនួន​ទាក់ទង​ទៅនឹង​សុខភាព ដូចជា​ការវិវត្ត​នៃ​ជម្ងឺមហារីក​ស្បែក​។​

•​ ​អត្ថបទ​យល់ដឹង​ពី​សុខភាព​៖ អ្នកប្រើប្រាស់​នឹង​ទទួលបាន​នូវ​ចំណេះដឹង​ល្អៗ​ទាក់ទង​ទៅនឹង​សុខភាព​ដែល​អ្នក​ទាំងអស់គ្នា​អាច​យកទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ ដែល​អាចមាន​ទម្រង់​ដូចជា​៖ អត្ថបទ វី​ឌី​អូ និង​រូប​ព័ណ៌នា​។ ជាក់ស្ដែង​កម្មវិធី​រប​ស់​យើង​ក៏​ផ្ដល់ជូន​នូវ​ប្រធានបទ​ថ្មីៗ ទាន់​ហេតុការណ៍ ដែល​ក្ដោប​គ្រប់​ប្រធានបទ​រួមមាន ប្រធានបទ​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត ផ្លូវកាយ អាហារូបត្ថម្ភ កាយសម្បទា ក៏ដូចជា​ការស្រាវជ្រាវ​ថ្មីៗ​ទាក់ទង​ទៅ​និង​វីរុស កូ​វីដ ១៩ (​ឧទាហរណ៍​ដូចជា ដំណើរ​នៃ​ការស្រាវជ្រាវ និង​ការផលិត​វ៉ាក់សាំង កូ​វីដ ១៩ ដើម្បី​ចែកជូន​ទៅកាន់​សាធារណៈជន​ជាដើម​)​។ បន្ថែម​ពីនេះ​ផងដែរ ក៏មាន​គន្លឹះ​ខ្លីៗ​ដែល​លោកអ្នក​អាចអនុវត្ត​តាម​ដើម្បី​បង្ការ​នូវ​ជម្ងឺ​ធ្ងន់ៗ​មួយចំនួន​ដែល​ឧស្សាហ៍​កើតមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​ដូចជា ជំងឺគ្រុនឈាម និង​មហារីក​។​

កម្មវិធី Pulse គឺជា​វេទិកា​វិវឌ្ឍន៍​ហើយ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​នឹង​សហការ​ជាមួយ​ដៃគូ​ថ្មីៗ បន្ថែម​នូវ​ឧបករណ៍ និង​សេវាកម្ម​ផ្សេងៗ (​ឧទាហរណ៍​មុខងារ​វាយតម្លៃ​សុខភាព​ដែល​ប្រើ​បច្ចេកវិទ្យា AI និង​ការពិគ្រោះ​យោបល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​) ជា​ដំណាក់កាល​។ បន្ទាប់ពី​ការដាក់​ដំណើរការ​ក្នុង​តំបន់​របស់ខ្លួន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពី​ខែសីហា ឆ្នាំ​២០១៩ ឥឡូវនេះ​កម្មវិធី Pulse មាន​វត្តមាន​នៅលើ​ទីផ្សារ​សរុប​ចំនួន ១១ នៅ​អាស៊ី រួមមាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ មកដល់​សព្វថ្ងៃ កម្មវិធី​នេះ​ត្រូវបាន​គេ​ធ្វើ​ការទាញយក​មកប្រើប្រាស់​នៅលើ​ទូរស័ព្ទដៃ​ជាង ៩ លាន នៅក្នុង​តំបន់​។​

សម្រាប់​ការសាកសួរ​ព័ត៌មាន​ផ្សព្វផ្សាយ​សូម​ទំនាក់ទំនង​៖ ​អ្នកស្រី ថន ធា​វី​, ០៧៨ ៩៨៩ ៨៧២

​អំពី Pulse ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​

​កម្មវិធី “Pulse ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​” គឺជា​កម្មវិធី​សុខភាព​ឌីជីថល​តែមួយគត់ និង​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ការគ្រប់គ្រង និង​តាមដាន​សុខភាព​ទូទៅ​ជារួម​ដល់​អ្នកប្រើប្រាស់​។ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា AI និង​មាន​សមត្ថភាព​អាច​រៀនសូត្រ​ដោយ​ខ្លួនឯង ជាមួយនឹង​ព័ត៌មាន​ដែលជា​ក់លាក់ និង​ទាន់ពេលវេលា​ពិតប្រាកដ កម្មវិធី​នេះ​នឹង​ក្លាយជា​ដៃគូ​សុខភាព និង​សុខមាលភាព​របស់​អ្នក​គ្រប់ពេលវេលា ដល់​អ្នកប្រើប្រាស់ ដែល​ជួយ​លោកអ្នក​ទប់ស្កាត់ ពន្យារ និង​ការពារ​ពី​ការចាប់ផ្តើម​នៃ​ជំងឺ​ផ្សេងៗ​។ កម្មវិធី Pulse គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូទាំង​តំបន់​របស់​ព្រូ​ដិ​នស​ល​ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព​ដែលមាន​តំលៃ​សមរម្យ និង​អាច​ប្រើប្រាស់​បាន​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ទូទាំង​ទ្វីបអាស៊ី​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​និង​ភាពជា​ដៃគូ​ថ្នាក់​ខ្ពស់បំផុត​។​

​បន្ទាប់ពី​ការដាក់​ដំណើរការ Pulse នៅក្នុង​តំបន់ នៅ​ប្រទេស​ម៉ាឡេស៊ី កាល់ពី​ខែសីហា ឆ្នាំ​២០១៩​កន្លងមក ឥឡូវនេះ Pulse មាន​វត្តមាន​នៅលើ​ទីផ្សារ​សរុប​ចំនួន ១១ ហើយ​រួមបញ្ចូល​ទាំង​ការកើនឡើង​នៃ​សេវាកម្ម​បន្ថែម ដូចជា​ការពិនិត្យ​រោគសញ្ញា និង​ការវាយតម្លៃ​សុខភាព សេវាកម្ម​សុខា​ភាព​ផ្ទាល់ខ្លួន និង​ការពិគ្រោះ​យោបល់​ជា​វីដេអូ​ជាមួយ វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ឯកទេស​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណៈ​គ្រូពេទ្យ​។

ចាប់តាំងពី​ការដាក់​ដំណើរការ​រហូតមកដល់​បច្ចុប្បន្ន​កម្មវិធី Pulse ត្រូវបាន​គេ​ធ្វើ​ការទាញយក​មកប្រើប្រាស់​ច្រើនជាង ៩ លាន​ដង​នៅ​អាស៊ី ។ បច្ចុប្បន្ន Pulse មាន​វត្តមាន​នៅលើ Apple Store / Google Play នៅក្នុង​ប្រទេស​កម្ពុជា ហុងកុង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សឹង្ហ​បូរី តៃវ៉ាន់ ថៃ វៀតណាម​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ដើម្បី​ទាញយក Pulse សូម​ចូលទៅ​គេហទំព័រ www.wedopulse.com ។​

​អំពី​ក្រុមហ៊ុន ព្រូ​ដិ​នស​ល នៅ​កម្ពុជា​

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ ម​.​ក ហៅ​កាត់​ថា ព្រូ​ដិ​នស​ល​កម្ពុជា បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ ខែមករា ឆ្នាំ​២០១៣​។ តាមរយៈ​ការផ្តល់ជូន​នូវ​ដំណោះស្រាយ នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដែល ស្របតាម​តម្រូវការ​អតិថិជន​ក៏ដូចជា​ការធ្វើសិក្ខាសាលា​នានា​ស្តី ពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ទៅកាន់​សាធារណៈជន ព្រូ​ដិ​នស​ល​កម្ពុជា បាន​នឹង​កំពុង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​ការពារ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគាត់​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​នៃ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential Plc) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​*​។ បច្ចុប្បន្ន ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា គឺជា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា​។ នៅក្នុង​ទ្វីបអាស៊ី ក្រុមហ៊ុន ព្រូ​ដិ​នស​ល គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធានារ៉ាប់រង​អាយុជីវិត ឈានមុខ​គេ ដែលមាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៣​គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បុរី តៃវ៉ាន់ ថៃ និង​វៀតណាម ។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល មាន​យន្តការ​ចែកចាយ​ដ៏ ជោគជ័យ និង​ច្រើន​រូបភាព​ក្នុងការ​ផ្តល់ ជូន​នូវ​ឱកាស​ក្នុងការ​ការការពារ និង​សន្សំ​ជូន​អតិថិជន​របស់ខ្លួន​។​

*​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ភីអិលស៊ី (Prudential plc) គឺជា​ក្រុមហ៊ុន​មាន​ទំហំ​អាជីវកម្ម​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី ដែល​ផ្តោតទៅលើ​ទីផ្សារ​ដែល​រីកចម្រើន​ជា​លំដាប់​។ អាជីវកម្ម​នេះ​បាន​ចូលរួមចំណែក​ជួយ​ជីវិត​បុគ្គល​ម្នាក់ៗ​ឱ្យមាន​ភាពប្រសើរឡើង តាមរយៈ​ធានារ៉ាប់រង​អាយុជីវិត​និង​សុខភាព និង​ការចូល​និវត្ត ក៏ដូចជា​ផ្តល់​ដំណោះស្រាយ​ទៅលើ​ការគ្រប់គ្រង​ទ្រព្យសកម្ម​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ភីអិលស៊ី មាន​អតិថិជន ២០ លាន​នាក់ ហើយ​ក៏បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ឡុង​ដ៍ ទីក្រុង​ហុងកុង ទីក្រុង​ញូវយ៉ក និង​ប្រទេស​សិង្ហ​បុរី​ផងដែរ​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ភីអិលស៊ី មិនមាន​ការជាប់​ទាក់ទង​ជាមួយ ក្រុមហ៊ុន ព្រូ​ដិ​នស​ល ហ្វា​យ​នែ​នស​ល​អុ​ី​ន (Prudential Financial, Inc) ដែលមាន​ទីតាំង​អា​ជី​កម្ម​នៅ​សហរដ្ឋអាមេរិក និង ក្រុមហ៊ុន​ព្រូ​ដិ​នស​ល អឹ​សួ​រ៉ិ​ន (Prudential Assurance Company) ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​អឹម & ជ្ជី ភីអិលស៊ី (M&G plc) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ចក្រភព​អង់គ្លេស​ឡើយ​។​” ដោយ ៖ CEN

×