ភ្នំពេញ៖ ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូ សម្រេចបានចំនួន ១៧៩ ៦២១ តោន ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ ចំនួននេះ បានកើនឡើង ៣,៧៨ ភាគរយ ជាចំនួនកើនតិចតួចបណ្ណោះ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០១៩ រីឯតម្លៃជ័រកៅស៊ូវិញ ជាមធ្យមនៅលើទីផ្សារអន្តរជាតិលក់បានចំនួន ១២៨៨ ដុល្លារក្នុង១តោន ធ្លាក់ចុះជាមធ្យម ៥១ ដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។
គិតក្នុងខែកញ្ញាឆ្នាំ២០២០នេះដែរ តម្លៃជ័រកៅស៊ូលក់ចេញជាមធ្យមកើន ២៦ដុល្លារក្នុង ១តោន បើប្រៀបធៀបតម្លៃកាលពីខែសីហា ប៉ុន្តែតម្លៃនេះ ទាបជាង ៦៤ ដុល្លារ ក្នុង១តោន បើប្រៀបធៀបនឹងខែកញ្ញាឆ្នាំ២០១៩។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ប្រទេសចិន មានតម្រូវការកៅស៊ូច្រើនជាងគេបំផុតនៅលើសកលលោក ដែលមានរហូតដល់ ៤១ ភាគរយ នៃបរិមាណផលិតផលកៅស៊ូសរុបលើពិភពលោក។ ហើយការដែលកម្ពុជានាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិកើនឡើងតិចតួចនាពេលនេះ ដោយសារតែជាពេលដែលជំងឺកូវីដ ១៩ បានរាតត្បាតសាកលលោក ធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតកម្មឧស្សាហកម្មនៅទូទាំងពិភពលោកទាំងមូល។
អ្នកជំនាញ បានបន្តថា តម្លៃកៅស៊ូក្រែប នឹងបន្តធ្លាក់ថ្លៃចាប់ពីឆ្នាំនេះ បន្តរហូតដល់ឆ្នាំ ២០២១ខាងមុខទៀត ហើយដោយសារតែភាពមិនច្បាស់លាស់នៃទីផ្សារកៅស៊ូ និងតម្លៃបានធ្លាក់ចុះ បង្ខំឱ្យដីចម្ការកៅស៊ូមួយចំនួន ប្រែក្លាយជាចម្ការចេកអំបូងលឿងវិញ ព្រោះកំពុងមានតម្រូវការទីផ្សារខ្ពស់ ជាពិសេសទីផ្សារប្រទេសចិន។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះកៅស៊ូសរុបមានចំនួន ៤០៣ ១៩៥ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ២៩០ ៦០៩ ហិកតា ដែលស្មើនឹង ៧២ ភាគរយ៕
ដោយ៖CEN