Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្នើ​ភាគី​មិត្ត​ចិន​ពិនិត្យ​លទ្ធភាព ក្នុង​ការផ្ទេរ​រោងចក្រ​ពី​ចិន​មក​កម្ពុជា​ឲ្យ​បាន​ច្រើន

​ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើ​ដល់​ភាគី​មិត្ត​ចិន​ពិនិត្យ​លទ្ធភាព លើកទឹកចិត្ត​ដល់​វិនិយោគិន​ចិន ក្នុង​ការផ្ទេរ​រោងចក្រ​ពី​ប្រទេស​ចិន មក​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន ស្របតាម​គោលនយោបាយ​ជាតិ អភិវឌ្ឍន៍​កសិកម្ម ខណៈដែល​ឯកឧត្តម បាន​ជួបប្រជុំ​ការងារ​ជាមួយ​លោក វ៉ាង យ៉ី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​។​

​ក្នុងជំនួប​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​លើក​ជាអាទិ៍​ថា ការប្រើប្រាស់​ឥណទាន​សម្បទាន​(Loan) និង​ហិរញ្ញប្បទាន​ឥត​សំណង​(Grant) សម្រាប់​បេក្ខភាព​គម្រោង​អាទិភាព​ឆ្នាំ​២០២០ ដើម្បី​អនុវត្តន៍​គម្រោង​ចំនួន​៨ ក្នុងនោះ​គម្រោង​ត្រៀម​ចុះហត្ថលេខា​មាន​៖ គម្រោង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ទីក្រុង​ព្រះសីហនុ​-​ទីក្រុង​ហុងកុង​, គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​71C, គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ​ជំហាន​ទី​៧ និង​គម្រោង​ជំរុញ​ផលិក​ម្ម​ស្រូវ និង​នាំចេញ​អង្ករ​។​
​ចំណែក​គម្រោង​ដែល​កំពុង​រៀបចំ​មាន​៖ គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​, គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៤១ លេខ​៣៣ និង​លេខ​៣១​។

​ក្នុងឱកាស​នេះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានស្នើ​មិត្ត​ចិន​ជួយ​ដោះស្រាយ​បញ្ហា​ផ្ដាច់មុខ របស់​ក្រុមហ៊ុន COFCO របស់​ចិន ដែលជា​របាំង សម្រាប់​ការ​នាំចូល​អង្ករ​កម្ពុជា ដែលមាន​ចំនួន​៤០​ម៉ឺន​តោន​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​ទៀតថា ភាគី​មិត្ត​ចិន​បាន​យល់ព្រម​ទិញ​ស្វាយ (​ដែល​បាន​ចុះ​អនុស្សារណៈ​រួចហើយ​) និង​ត្រី​ទៅ​ប្រទេស​ចិន និង​នស​ម​ស្នើ​ជំរុញ​ការនាំ​ចូល​ឲ្យ​បាន​ឆាប់​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា កន្លងមក​ភាគី​មិត្ត​ចិន​បាន​ទិញ​កសិផល​កម្ពុជា បាន​ច្រើន​មួយចំនួន​ហើយ ដូចជា​ចេក ស្វាយ ដំឡូង​មី កៅស៊ូ គ្រាប់ស្វាយចន្ទី​ជាដើម​។ លោក​ក៏បាន​ស្នើ​មិត្ត​ចិន ជួយ​ទិញ​ឲ្យ​បាន​ច្រើន​ថែមទៀត ព្រមទាំង​ស្នើ​ឲ្យ​មិត្ត​ចិន​ជួយ​ទិញៈ ម្រេច ទុរេន ស្ករស និង​ផ្លែ​តា​ង៉ែ​ន​ជាដើម​។

​លោក វ៉ាង យ៉ី ក្នុងជំនួប​នោះ បាន​លើក​ថា ភាគី​មិត្ត​ចិន បានប្រគល់​នូវ​កំណត់​ទូត អំពី​ជំនួយឥតសំណង សម្រាប់​គម្រោង​ប្រញាប់ ក្នុងការ​អភិវឌ្ឍ​កម្ពុជា ដែលមាន​ទឹកប្រាក់​ចំនួន​៩៥០​លាន​យាន់ (​ប្រហែល​១៤០​លាន​ដុល្លារ​)​។ ចិន​បាន​ផ្ដួចផ្ដើម​គំនិត​ការពារ​សុវត្ថិភាព​ទិន្នន័យ ឌីជីថល ដែល​ចំណុច​នេះ លោក វ៉ាង យ៉ី បានស្នើ​ឲ្យ​កម្ពុជា​គាំទ្រ​។​
​លោក វ៉ាង យ៉ី បាន​បញ្ជាក់ថា ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ប្រឆាំងនឹង Covid-19 ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាពិសេស​កម្ពុជា ដែលជា​មិត្ត​ដែកថែប ហើយ​សន្យា​នាំចូល​កសិផល​កម្ពុជា​ថែមទៀត ដែលមាន​គុណភាព តាម​សំណើ​របស់​កម្ពុជា ព្រមទាំង​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​៕​ដោយ​៖CEN

×